8. តែបើសិនជាអ្នករាល់គ្នាមិនដែលត្រូវផ្ចាញ់ផ្ចាលសោះ ជាសេចក្ដីដែលគ្រប់គ្នាត្រូវរងទ្រាំ នោះអ្នករាល់គ្នាជាកូនឥតខាន់ស្លាទេ មិនមែនជាកូនពិតប្រាកដឡើយ
9. មួយទៀតយើងរាល់គ្នាមានឪពុកខាងសាច់ឈាម ដែលវាយផ្ចាលយើង ហើយយើងក៏កោតខ្លាចដល់គាត់ដែរ ដូច្នេះ តើមិនត្រូវឲ្យយើងចុះចូល ចំពោះព្រះវរបិតាខាងវិញ្ញាណជាជាងទៅទៀត ដើម្បីឲ្យបានរស់នៅទេឬអី
10. ដ្បិតឪពុកយើងតែងវាយប្រដៅយើង តាមតែខណៈចិត្តរបស់គាត់ប៉ុណ្ណោះ តែមិនមែនជាយូរឆ្នាំទេ ចំណែកព្រះដែលទ្រង់វាយផ្ចាល នោះសំរាប់ជាប្រយោជន៍ដល់យើងវិញ ដើម្បីឲ្យយើងបានសេចក្ដីបរិសុទ្ធរបស់ទ្រង់
11. កាលណាយើងត្រូវសេចក្ដីផ្ចាញ់ផ្ចាល នោះមើលទៅដូចជាព្រួយណាស់ មិនមែនសប្បាយទេ តែក្រោយមក នោះទើបបង្កើតផលដ៏សុខសាន្ត នៃសេចក្ដីសុចរិតដល់អស់អ្នកណាដែលត្រូវរងទ្រាំនោះវិញ។
12. ដូច្នេះ ចូរលើកដៃដែលស្រពន់ឡើង និងជង្គង់ដែលស្លុតដែរ
13. ហើយធ្វើផ្លូវឲ្យត្រង់ សំរាប់ជើងអ្នករាល់គ្នា ក្រែងអ្នកណាដែលខ្ញើចត្រូវបង្វែរចេញទៅ ស៊ូឲ្យបានជាឡើងវិញ។
14. ចូរដេញតាមសេចក្ដីមេត្រី ចំពោះមនុស្សទាំងអស់ចុះ ហើយឲ្យបានញែកជាបរិសុទ្ធដែរ បើអ្នកណាគ្មានសេចក្ដីបរិសុទ្ធ នោះមិនដែលឃើញព្រះអម្ចាស់ឡើយ
15. ហើយត្រូវប្រយ័ត្នឲ្យមែនទែន ក្រែងមានអ្នកណាខ្វះខាងឯព្រះគុណនៃព្រះ ហើយមានឫសជូរចត់ណាពន្លកឡើង នាំឲ្យទំនាស់ចិត្ត រួចមានមនុស្សជាច្រើនបានស្មោកគ្រោក ដោយសារសេចក្ដីនោះ
16. ក្រែងមានអ្នកកំផិត ឬមនុស្សទមិលណា ដូចជាអេសាវ ដែលលក់ច្បាប់បងច្បងរបស់ខ្លួន សង្វាតឲ្យបានតែម្ហូប១មុខប៉ុណ្ណោះដែរ
17. ដ្បិតអ្នករាល់គ្នាដឹងថា ក្រោយមកគាត់សង្វាតចង់បានពរ តែគាត់ត្រូវចោលចេញវិញ ដ្បិតទោះបើគាត់ខំស្វែងរក ទាំងស្រក់ទឹកភ្នែកក៏ដោយ គង់តែរកផ្លូវប្រែចិត្តមិនឃើញទេ។
18. អ្នករាល់គ្នាមិនមែនមកដល់ភ្នំ ដែលនឹងពាល់បាន ហើយដែលមានភ្លើងឆេះនោះទេ ឬដល់សេចក្ដីងងឹត ឬស្រអាប់ ឬខ្យល់ព្យុះ
19. ឬសូរផ្លុំត្រែ ឬព្រះសៀងនៃព្រះ ដែលមានព្រះបន្ទូលមក ជាសូរសៀង ដែលពួកអ្នកឮ ក៏អង្វរកុំឲ្យព្រះបន្ទូលបានមកដល់ខ្លួនទៀតឡើយ
20. ដ្បិតគេទ្រាំនឹងសេចក្ដីដែលបង្គាប់មកមិនបាន គឺជាសេចក្ដីថា «សូម្បីសត្វណាដែលពាល់ភ្នំ នោះនឹងត្រូវចោលនឹងថ្ម ឬបាញ់ទំលុះដោយព្រួញ»
21. ហើយការដែលគេឃើញនោះ ក៏គួរស្ញែងខ្លាចណាស់ ដល់ម៉្លេះបានជាម៉ូសេ លោកមានប្រសាសន៍ថា «ខ្ញុំភ័យញ័រជាខ្លាំង»