9. ដោយសារសេចក្ដីជំនឿ នោះលោកបានស្នាក់នៅក្នុងស្រុក ដែលទ្រង់បានសន្យាឲ្យ ដូចជានៅប្រទេសដទៃ ក៏នៅតែក្នុងត្រសាល ជាមួយនឹងអ៊ីសាក ហើយនឹងយ៉ាកុប ជាអ្នកគ្រងសេចក្ដីសន្យាដដែល ទុកជាមរដកជាមួយគ្នា
10. ពីព្រោះលោករង់ចាំក្រុង១ ដែលមានឫសជញ្ជាំង ដែលព្រះទ្រង់ជាអ្នកគូរ ហើយជាជាងសង់។
11. ដោយសារសេចក្ដីជំនឿ នោះនាងសារ៉ាក៏ទទួលអំណាច ឲ្យមានគភ៌បង្កើតកូនបាន ហើយនាងបង្កើតកូនមក ក្នុងកាលដែលហួសអាយុហើយ ពីព្រោះនាងបានរាប់ព្រះដែលសន្យានោះ ទុកជាស្មោះត្រង់
12. ដូច្នេះ ក៏មានមនុស្ស១ហ្វូង ដូចផ្កាយនៅលើមេឃ ហើយដូចខ្សាច់នៅមាត់សមុទ្រ ដែលរាប់មិនចេះអស់ បានកើតមកអំពីមនុស្សតែម្នាក់ ដែលអ្នកនោះក៏ទុកដូចជាស្លាប់ហើយដែរ។
13. ពួកអ្នកទាំងនោះបានស្លាប់ក្នុងសេចក្ដីជំនឿ ឥតទទួលសេចក្ដីដែលបានសន្យាទាំងប៉ុន្មានទេ តែគេបានឃើញពីចំងាយ ហើយក៏ទទួលគំនាប់ដែរ ទាំងយល់ព្រមថា ខ្លួនគេជាអ្នកដទៃ ដែលគ្រាន់តែសំណាក់នៅផែនដីប៉ុណ្ណោះ
14. ពួកអ្នកដែលនិយាយដូច្នោះ នោះសំដែងថា គេជាអ្នករកស្រុកសំរាប់ខ្លួនគេពិត
15. ហើយបើសិនជាគេរឭកស្រុក ដែលគេទើបនឹងចេញមកនោះ នោះគេនឹងមានឱកាសត្រឡប់ទៅវិញបាន
16. តែឥឡូវនេះ គេសង្វាតចង់បានស្រុក១ដ៏ប្រសើរជាង គឺខាងស្ថានសួគ៌វិញ បានជាព្រះទ្រង់គ្មានសេចក្ដីខ្មាស ដោយគេហៅទ្រង់ជាព្រះនៃគេនោះឡើយ ដ្បិតទ្រង់បានរៀបចំទីក្រុង១ឲ្យគេហើយ។
17. ដោយសារសេចក្ដីជំនឿ នោះអ័ប្រាហាំបានថ្វាយអ៊ីសាក ក្នុងកាលដែលទ្រង់ល្បងលលោក គឺអ្នកដែលបានទទួលសេចក្ដីសន្យាទាំងប៉ុន្មាន លោកបានថ្វាយកូនលោកតែមួយ
18. ដែលមានសេចក្ដីចែងទុកពីដំណើរកូននោះថា «ពូជឯងនឹងបានរាប់តាមអ៊ីសាក»
19. លោកបានរាប់ថា ព្រះទ្រង់អាចនឹងប្រោសកូន ឲ្យរស់ពីស្លាប់ឡើងវិញបានផង ហើយលោកបានទទួលវាមកវិញមែន ធៀបដូចជារស់ពីស្លាប់ឡើងវិញ។
20. ដោយសារសេចក្ដីជំនឿ នោះអ៊ីសាកបានឲ្យពរដល់យ៉ាកុប និងអេសាវ ពីដំណើរការទៅខាងមុខ។
21. ដោយសារសេចក្ដីជំនឿ នោះយ៉ាកុបបានឲ្យពរដល់កូនយ៉ូសែបទាំង២ ហើយក៏ថ្វាយបង្គំព្រះ ទាំងច្រត់លើចុងឈើច្រត់ ក្នុងកាលដែលលោកហៀបនឹងស្លាប់។
22. ដោយសារសេចក្ដីជំនឿ នោះយ៉ូសែបបានប្រាប់ពីដំណើរពួកជនជាតិអ៊ីស្រាអែល ដើរចេញពីស្រុកអេស៊ីព្ទ ក៏ផ្តាំពីដំណើរសពរបស់ខ្លួន ក្នុងកាលដែលហៀបនឹងផុតដង្ហើមទៅផង។
23. ដោយសារសេចក្ដីជំនឿ កាលម៉ូសេបានកើតមក នោះឪពុកម្តាយបានលាក់លោកទុក៣ខែ ឥតមាននឹកខ្លាចដល់បញ្ញត្តរបស់ស្តេចឡើយ ពីព្រោះបានឃើញថាជាកូនថ្លោសល្អ
24. ដោយសារសេចក្ដីជំនឿ លុះលោកធំហើយ នោះលោកមិនព្រមឲ្យគេហៅខ្លួន ជាកូនរបស់បុត្រីផារ៉ោនទេ
25. លោកស៊ូរងទុក្ខលំបាកជាមួយនឹងរាស្ត្ររបស់ព្រះ ជាជាងមានសេចក្ដីអំណរខាងអំពើបាប ដែលនៅតែ១ភ្លែតនោះវិញ
26. ដោយបានរាប់សេចក្ដីដំនៀលដែលគេតិះដៀលដល់ព្រះគ្រីស្ទ ទុកជាទ្រព្យសម្បត្តិប្រសើរជាងអស់ទាំងរបស់ថ្លៃវិសេសនៅស្រុកអេស៊ីព្ទ ដ្បិតលោកសំឡឹងចំទៅឯរង្វាន់វិញ
27. ដោយសារសេចក្ដីជំនឿ នោះលោកក៏ចេញពីស្រុកអេស៊ីព្ទទៅ ឥតកោតខ្លាចដល់សេចក្ដីកំហឹងនៃស្តេចឡើយ ដ្បិតលោកបានកាន់យ៉ាងខ្ជាប់ខ្ជួន ហាក់ដូចជាឃើញព្រះដ៏មើលមិនឃើញដែរ
28. ដោយសារសេចក្ដីជំនឿ នោះលោកបានធ្វើបុណ្យរំលង ទាំងរលាស់ឈាមពួកកូនច្បង បានមកពាល់ដល់គេឡើយ។