3. យើងរាល់គ្នាក៏យល់ដោយសារសេចក្ដីជំនឿនោះថា លោកីយ៍បានកើតមក ដោយសារព្រះបន្ទូលនៃព្រះ បានជារបស់ដែលមើលឃើញទាំងប៉ុន្មាន នោះមិនមែនកើតអំពីរបស់ដែលមើលឃើញទេ។
4. ដោយសារសេចក្ដីជំនឿ នោះអេបិលបានថ្វាយយញ្ញបូជាដល់ព្រះ ដែលប្រសើរជាងដង្វាយរបស់កាអ៊ីន ហើយមានសេចក្ដីបន្ទាល់ពីគាត់ ដោយព្រោះយញ្ញបូជានោះថា គាត់សុចរិត ទាំងមានព្រះធ្វើបន្ទាល់ ដោយសារដង្វាយនោះឯង។
5. ដោយសារសេចក្ដីជំនឿ នោះហេណុកបានឡើងទៅលើ មិនបានឃើញសេចក្ដីស្លាប់ឡើយ ហើយគេរកគាត់មិនឃើញទៀត ពីព្រោះព្រះបានយកគាត់ទៅ ដ្បិតកាលមុនដែលលើកយកគាត់ទៅ នោះមានសេចក្ដីបន្ទាល់ពីគាត់ថា ព្រះទ្រង់សព្វព្រះហឫទ័យនឹងគាត់ណាស់
6. តែបើឥតមានសេចក្ដីជំនឿទេ នោះមិនអាចនឹងគាប់ដល់ព្រះហឫទ័យព្រះបានឡើយ ដ្បិតអ្នកណាដែលចូលទៅឯព្រះ នោះត្រូវតែជឿថា មានព្រះមែន ហើយថា ទ្រង់ប្រទានរង្វាន់ ដល់អស់អ្នកដែលស្វែងរកទ្រង់។
7. ដោយសារសេចក្ដីជំនឿ នោះព្រះបានមានព្រះបន្ទូលពន្យល់លោកណូអេ ពីការដែលមើលមិនទាន់ឃើញនៅឡើយ ហើយដោយលោកមានសេចក្ដីកោតខ្លាច បានជាលោកធ្វើទូក១យ៉ាងធំសំរាប់នឹងជួយសង្គ្រោះដល់ពួកគ្រួសាររបស់លោក ហើយលោកបានកាត់ទោសលោកីយ៍ដោយការនោះ ក៏ត្រឡប់ជាអ្នកគ្រងសេចក្ដីសុចរិត ដែលត្រូវខាងសេចក្ដីជំនឿ ទុកជាមរដកដែរ។
8. ដោយសារសេចក្ដីជំនឿ កាលព្រះបានហៅលោកអ័ប្រាហាំ នោះលោកក៏បានស្តាប់បង្គាប់ លោកចេញទៅឯកន្លែងដែលត្រូវទទួលជាមរដក គឺចេញទៅឥតមានដឹងជាទៅឯណាទេ
9. ដោយសារសេចក្ដីជំនឿ នោះលោកបានស្នាក់នៅក្នុងស្រុក ដែលទ្រង់បានសន្យាឲ្យ ដូចជានៅប្រទេសដទៃ ក៏នៅតែក្នុងត្រសាល ជាមួយនឹងអ៊ីសាក ហើយនឹងយ៉ាកុប ជាអ្នកគ្រងសេចក្ដីសន្យាដដែល ទុកជាមរដកជាមួយគ្នា
10. ពីព្រោះលោករង់ចាំក្រុង១ ដែលមានឫសជញ្ជាំង ដែលព្រះទ្រង់ជាអ្នកគូរ ហើយជាជាងសង់។
11. ដោយសារសេចក្ដីជំនឿ នោះនាងសារ៉ាក៏ទទួលអំណាច ឲ្យមានគភ៌បង្កើតកូនបាន ហើយនាងបង្កើតកូនមក ក្នុងកាលដែលហួសអាយុហើយ ពីព្រោះនាងបានរាប់ព្រះដែលសន្យានោះ ទុកជាស្មោះត្រង់