15. ហើយព្រះវិញ្ញាណបរិសុទ្ធ ក៏ធ្វើបន្ទាល់ដល់យើងដែរ ដ្បិតក្រោយដែលទ្រង់មានព្រះបន្ទូលថា
16. «ឯសេចក្ដីសញ្ញា ដែលអញនឹងតាំងដល់គេក្រោយគ្រានោះ គឺថា អញនឹងដាក់ក្រឹត្យវិន័យអញនៅក្នុងចិត្តគេ ហើយនឹងកត់ទុកនៅក្នុងគំនិតគេផង»
17. នោះទ្រង់បានបន្ថែមនូវព្រះបន្ទូលនេះទៀតថា «អញនឹងលែងនឹកចាំពីអំពើបាប និងសេចក្ដីទទឹងច្បាប់របស់គេទៀត»
18. ដូច្នេះ ដែលបានប្រោសឲ្យរួចពីសេចក្ដីទាំងនោះរួចហើយ នោះមិនចាំបាច់ថ្វាយដង្វាយ ដោយព្រោះបាបទៀតទេ។
19. ដូច្នេះ បងប្អូនអើយ ដែលយើងមានសេចក្ដីក្លៀវក្លានឹងចូលទៅក្នុងទីបរិសុទ្ធ ដោយសារព្រះលោហិតនៃព្រះយេស៊ូវ
20. តាមផ្លូវដែលទ្រង់ បានតាំងសំរាប់យើងរាល់គ្នា ជាផ្លូវថ្មី ហើយរស់ ដែលចូលកាត់វាំងនន គឺជារូបសាច់របស់ទ្រង់
21. ហើយដែលមានសំដេចសង្ឃដ៏ធំ១អង្គត្រួតលើដំណាក់ព្រះ
22. នោះត្រូវឲ្យយើងចូលទៅជិតទាំងមានចិត្តស្មោះត្រង់ និងចិត្តដឹងពិតប្រាកដ ហើយសេចក្ដីជំនឿ ព្រមទាំងមានចិត្តប្រោះញែកជាស្អាតរួចពីបញ្ញាចិត្តដែលសៅហ្មងផង ហើយបានលាងរូបកាយនឹងទឹកដ៏ស្អាតដែរ
23. ត្រូវឲ្យយើងរាល់គ្នាកាន់ខ្ជាប់ តាមសេចក្ដីបន្ទាល់របស់សេចក្ដីសង្ឃឹមនោះ ឥតរវើរវាយ ដ្បិតព្រះដែលបានសន្យានោះ ទ្រង់ស្មោះត្រង់
24. ហើយត្រូវឲ្យយើងពិចារណាមើលគ្នាទៅវិញទៅមកដែរ ដើម្បីនឹងបណ្តាលឲ្យមានសេចក្ដីស្រឡាញ់ ហើយឲ្យប្រព្រឹត្តការល្អផង
25. ឥតលែងប្រជុំគ្នា ដូចជាអ្នកខ្លះធ្លាប់នោះឡើយ ត្រូវឲ្យកំឡាចិត្តគ្នាវិញ ឲ្យកាន់តែខ្លាំងឡើងផង តាមដែលឃើញថាថ្ងៃនោះជិតមកដល់ហើយ
26. ដ្បិតក្រោយដែលយើងបានទទួលស្គាល់សេចក្ដីពិតហើយ បើយើងធ្វើបាប ស្ម័គ្រពីចិត្តទៀត នោះគ្មានយញ្ញបូជាណា សំរាប់នឹងលោះបាបទៀតទេ
27. មានតែរង់ចាំ ដោយស្ញែងខ្លាចចំពោះសេចក្ដីជំនុំជំរះ និងសេចក្ដីសហ័សនៃភ្លើង ដែលរៀបនឹងឆេះដល់អស់ទាំងពួកទាស់ទទឹងផងប៉ុណ្ណោះ
28. ឯអ្នកណាដែលក្បត់ក្រឹត្យវិន័យលោកម៉ូសេ នោះបានត្រូវស្លាប់ឥតប្រណី ដោយសេចក្ដីបន្ទាល់របស់មនុស្ស២ឬ៣នាក់
29. ចុះតើអ្នករាល់គ្នាស្មានថា គេគួរមានទោសជាធ្ងន់ជាងយ៉ាងណាទៅ ដែលគេជាន់ឈ្លីព្រះរាជបុត្រានៃព្រះ ទាំងរាប់ព្រះលោហិតនៃសេចក្ដីសញ្ញា ដែលបានញែកគេចេញជាបរិសុទ្ធ ទុកដូចជារបស់ប្រើធម្មតា ហើយត្មះតិះដៀលដល់ព្រះវិញ្ញាណដ៏មានព្រះគុណផងនោះ
30. ដ្បិតយើងស្គាល់ព្រះអង្គដែលទ្រង់មានព្រះបន្ទូលថា «សេចក្ដីសងសឹកជារបស់ផងអញ អញនឹងសងគេ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់» ហើយ១ទៀតថា «ព្រះអម្ចាស់ទ្រង់នឹងជំនុំជំរះរាស្ត្រទ្រង់»
31. រីឯការដែលធ្លាក់ទៅក្នុងកណ្តាប់ព្រះហស្តនៃព្រះដ៏មានព្រះជន្មរស់នៅ នោះគួរស្ញែងខ្លាចណាស់។