6. ដ្បិតមើល គេបានចេញទៅរួចពីការបំផ្លាញហើយ តែសាសន៍អេស៊ីព្ទនឹងកៀរប្រមូលគេទុក ក្រុងណូពនឹងកប់ខ្មោចគេ ឯគ្រឿងប្រាក់ដែលគាប់ចិត្តគេ នោះនឹងទៅជារបស់ដើមកន្ទេចអាលវិញ ហើយបន្លានឹងដុះក្នុងទីលំនៅរបស់គេ
7. គ្រាស្នងទោសបានមកដល់ គឺគ្រាសងសំណងដល់គេបានមកហើយ ពួកអ៊ីស្រាអែលនឹងដឹងដែរ ឯហោរា គេឆ្កួត ហើយមនុស្សដែលមាននិស្ស័យខាងវិញ្ញាណក៏លីលា តែដោយព្រោះអំពើទុច្ចរិតដ៏បរិបូណ៌របស់ឯង និងសេចក្ដីសំអប់ដ៏ជាខ្លាំង
8. អ្នកចាំយាមរបស់អេប្រាអិមបាននៅជាមួយនឹងព្រះនៃខ្ញុំ តែពួកហោរាសុទ្ធតែជាលប់ សំរាប់ចាប់សត្វ នៅគ្រប់ទាំងផ្លូវរបស់គេ ហើយជាសេចក្ដីសំអប់នៅក្នុងព្រះវិហាររបស់ព្រះនៃខ្លួន
9. គេបានបង្ខូចចិត្តគេទៅយ៉ាងជ្រៅ ដូចកាលនៅគ្រាគីបៀរ ទ្រង់នឹងនឹកចាំពីអំពើទុច្ចរិតរបស់គេ ហើយនឹងតបស្នងចំពោះបាបគេដែរ។
10. អញបានប្រទះនឹងអ៊ីស្រាអែល ដូចជាប្រទះនឹងផ្លែទំពាំងបាយជូរនៅក្នុងទីរហោស្ថាន អញបានឃើញពួកអយ្យកោឯងរាល់គ្នា ដូចជាផ្លែនៅដើមល្វាដែលទុំមុនគេនៅរដូវជាដំបូង តែគេបានទៅដល់បាល-ពេអរ ហើយបានថ្វាយខ្លួនដល់រូបព្រះគួរខ្មាស ក៏ត្រឡប់ជាគួរខ្ពើមឆ្អើមដូចជារបស់ដែលគេស្រឡាញ់នោះ
11. ចំណែកអេប្រាអិម សិរីល្អរបស់គេនឹងហើរបាត់ទៅដូចជាសត្វស្លាប និងឥតមានការសំរាល ឬមានទំងន់ ឬការចាប់ទុំផ្ទៃទៀតឡើយ
12. ហើយទោះបើគេបីបាច់ចិញ្ចឹមកូនឲ្យធំឡើង គង់តែអញនឹងបង្អត់ទៅ ឲ្យឥតមានមនុស្សណានៅសល់សោះ អើ វេទនាដល់គេដែរ ក្នុងកាលដែលអញចាកចេញពីគេទៅ
13. ឯអេប្រាអិម បានតាំងនៅក្នុងទីគាប់ចិត្ត ដូចជាអញបានឃើញក្រុងទីរ៉ុសដែរ ប៉ុន្តែអេប្រាអិមនឹងត្រូវនាំកូនខ្លួនចេញមកឲ្យអ្នកដែលកាប់សំឡាប់វិញ
14. ឱព្រះយេហូវ៉ាអើយ សូមប្រទានដល់គេ តែត្រូវប្រទានអ្វី គឺត្រូវឲ្យគេមានផ្ទៃដែលរលូតកូន ហើយដោះរីងស្ងួត
15. អស់ទាំងអំពើអាក្រក់របស់គេសុទ្ធតែនៅត្រង់គីលកាល ដ្បិតគឺនៅទីនោះដែលអញបានស្អប់គេ អញនឹងបណ្តេញគេចេញពីព្រះវិហាររបស់អញ ដោយព្រោះសេចក្ដីអាក្រក់នៃការដែលគេធ្វើ អញនឹងមិនស្រឡាញ់គេតទៅទៀត ពួកចៅហ្វាយរបស់គេសុទ្ធតែជាមនុស្សបះបោរ
16. អេប្រាអិមត្រូវវាយ ហើយឫសរបស់គេបានក្រៀមទៅ គេនឹងមិនបង្កើតផលទៀតឡើយ អើ ទោះបើគេបង្កើតកូនបានដែរ គង់តែអញនឹងសំឡាប់កូនសំឡាញ់ ដែលចេញពីផ្ទៃគេមក