1. កាលអញចង់ប្រោសពួកអ៊ីស្រាអែលឲ្យជា នោះសេចក្ដីទុច្ចរិតរបស់អេប្រាអិម និងអំពើអាក្រក់របស់សាម៉ារីបានលេចមកឲ្យឃើញ ដ្បិតគេបានប្រព្រឹត្តសេចក្ដីកំភូត មានចោរលួចចូលមកនៅខាងក្នុង ហើយមានចោរប្លន់រឹបជាន់ខាងក្រៅ
2. គេក៏មិនពិចារណាក្នុងចិត្តថា អញនឹកចាំអស់ទាំងអំពើអាក្រក់របស់គេនោះទេ ឥឡូវនេះ អំពើរបស់គេបានឡោមព័ទ្ធគេហើយ ក៏នៅចំពោះមុខអញផង
3. គេនាំឲ្យស្តេចបានរីករាយ ដោយអំពើអាក្រក់របស់ខ្លួន ហើយពួកចៅហ្វាយផង ដោយសេចក្ដីភូតភររបស់ខ្លួនដែរ
4. គេសុទ្ធតែជាពួកកំផិតទទេ គេប្រៀបដូចជាឡដែលអ្នកធ្វើនំបុ័ងបានដុតឲ្យក្តៅហើយ គាត់លែងវាចភ្លើងចាប់តាំងពីវេលាដែលច្របាច់ម្សៅ ដរាបដល់បានដោរឡើង
5. នៅថ្ងៃចំរើនព្រះជន្មស្តេចនៃយើងរាល់គ្នា នោះពួកចៅហ្វាយបានធ្វើខ្លួនឈឺ ដោយកំដៅនៃស្រាទំពាំងបាយជូរ ស្តេចក៏ចូលដៃទៅជាមួយនឹងពួកឡកឡឺយ
6. ដ្បិតគេបានរៀបចំចិត្តដូចជាឡហើយ កំពុងដែលគេចាំយាម នោះអ្នកដុតនំបុ័ងរបស់គេក៏ដេកលក់ទាល់ភ្លឺ លុះព្រឹកហើយ នោះក៏ឆេះធ្លោឡើង
7. គេសុទ្ធតែក្តៅដូចជាឡ គេឆេះបន្សុសពួកចៅក្រមគេទៅ ឯពួកស្តេចរបស់គេក៏បានដួលអស់ហើយ ក្នុងពួកគេឥតមានអ្នកណាមួយដែលអំពាវនាវដល់អញឡើយ។
8. ចំណែកអេប្រាអិម គាត់លាយខ្លួននឹងសាសន៍ដទៃអេប្រាអិមជានំ ដែលមិនបានប្រែ
9. ពួកដទៃបានបង្ហិនកំឡាំងគាត់ទៅ តែគាត់មិនដឹងខ្លួនទេ អើ មានសក់ស្កូវល្បាយនៅលើក្បាល តែគាត់ឥតដឹងសោះ
10. ហើយសេចក្ដីអំនួតរបស់អ៊ីស្រាអែល ក៏តែងតែធ្វើបន្ទាល់ ទាស់នឹងគាត់ ទោះបើកើតមានដូច្នោះក៏ដោយ គង់តែគេមិនបានវិលត្រឡប់មកឯព្រះយេហូវ៉ា ជាព្រះនៃខ្លួនទេ ក៏មិនបានស្វែងរកទ្រង់ផង
11. អេប្រាអិមក៏ដូចជាព្រាបអាប់ឥតប្រាជ្ញា ហើយឥតយោបល់ គេហៅរកសាសន៍អេស៊ីព្ទ តែគេទៅឯស្រុកអាសស៊ើរវិញ