2. ពួកក្បត់បានផុងយ៉ាងជ្រៅ ចុះក្នុងការសំឡាប់សត្វថ្វាយដល់រូបព្រះ ទោះបើអញបានធ្វើជាអ្នកបន្ទោស ដល់គេគ្រប់គ្នាក៏ដោយ
3. អញស្គាល់អេប្រាអិមហើយ ឯអ៊ីស្រាអែលក៏មិនកំបាំងពីអញដែរ ដ្បិតឥឡូវនេះ ឱអេប្រាអិមអើយ ឯងបានប្រព្រឹត្តសេចក្ដីកំផិត ហើយអ៊ីស្រាអែលក៏ស្មោកគ្រោកដូចគ្នា
4. ការប្រព្រឹត្តរបស់គេមិនបើកឲ្យគេវិលមកឯព្រះនៃគេវិញបានទេ ដ្បិតនិស្ស័យកំផិតនៅក្នុងគេហើយ គេមិនបានស្គាល់ព្រះយេហូវ៉ាសោះ
5. សេចក្ដីអំនួតរបស់ពួកអ៊ីស្រាអែលតែងធ្វើបន្ទាល់ទាស់នឹងគេ ហេតុនោះបានជាអ៊ីស្រាអែល ហើយអេប្រាអិម នឹងត្រូវចំពប់ដួលចុះក្នុងអំពើទុច្ចរិតរបស់ខ្លួន ឯយូដាក៏នឹងចំពប់ដួលចុះជាមួយនឹងគេដែរ
6. គេនឹងនាំទាំងហ្វូងសត្វធំតូច ទៅស្វែងរកព្រះយេហូវ៉ា តែនឹងមិនប្រទះឃើញទ្រង់ទេ ដ្បិតទ្រង់បានថយចេញពីគេហើយ
7. គេបានប្រព្រឹត្តការកំបត់ចំពោះព្រះយេហូវ៉ា ដ្បិតគេបានបង្កើតកូនកំផិតឡើង ដូច្នេះ ដល់ចូលខែថ្មី គេនឹងត្រូវវិនាសទៅ ព្រមទាំងស្រែចំការរបស់គេផង។
8. ចូរផ្លុំស្នែង នៅត្រង់គីបៀរ ហើយផ្លុំត្រែនៅត្រង់រ៉ាម៉ាចុះ ចូរធ្វើសូរជាគ្រឿងសំគាល់ឡើងនៅត្រង់បេត-អាវេនថា ឱបេនយ៉ាមីនអើយ ន៍ គេមកខាងក្រោយឯងហើយ
9. នៅថ្ងៃដែលត្រូវបន្ទោសនោះ អេប្រាអិមនឹងត្រឡប់ទៅជាទីខូចបង់ នៅកណ្តាលអស់ទាំងពូជអំបូរនៃអ៊ីស្រាអែល អញបានឲ្យដឹងដំណឹងពីការដែលត្រូវកើតមកជាមិនខាន
10. ពួកចៅហ្វាយរបស់យូដា ប្រៀបដូចជាមនុស្សដែលដកព្រំខណ្ឌចោល ដូច្នេះ អញនឹងចាក់សេចក្ដីក្រោធរបស់អញទៅលើគេដូចជាទឹក
11. អេប្រាអិមត្រូវសង្កត់សង្កិន គឺត្រូវកិនកំទេចក្នុងការវិនិច្ឆ័យ ពីព្រោះគេបានស្ម័គ្រចិត្តដើរតាមបង្គាប់របស់មនុស្ស
12. ដូច្នេះ អញនឹងបានដូចជាដង្កូវកាត់ ដល់ពួកអេប្រាអិម ហើយដូចជាសេចក្ដីពុកផុយដល់ពួកវង្សយូដា
13. កាលអេប្រាអិមបានដឹងអាការៈរោគរបស់ខ្លួន ហើយយូដាបានឃើញរបួសរបស់ខ្លួន នោះអេប្រាអិមក៏ទៅឯស្រុកអាសស៊ើរ ហើយចាត់គេទៅឯស្តេចយ៉ារែប តែគេមិនអាចនឹងរំងាប់រោគឯង ឬមើលរបួសឯងឲ្យសះបានឡើយ