ហូសេ 10:1-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. អ៊ីស្រា‌អែល​ជា​ដើម​ទំពាំង‌បាយ‌ជូរ​ទ្រប‌ទ្រល់​ដែល​កើត​មាន​ផ្លែ គេ​មាន​ផល​កាន់​តែ​ច្រើន​ឡើង​យ៉ាង​ណា នោះ​ក៏​ចំរើន​អាសនា​របស់​ខ្លួន​ជា​ច្រើន​ឡើង​យ៉ាង​នោះ​ដែរ ហើយ​ស្រុក​គេ​បាន​ល្អ​យ៉ាង​ណា នោះ​គេ​បាន​ធ្វើ​បង្គោល​គោរព​ឲ្យ​ល្អ​យ៉ាង​នោះ​ដែរ

2. ចិត្ត​គេ​ចែក​ជា​ពីរ​ហើយ គេ​នឹង​ត្រូវ​ឃើញ​ថា​មាន​ទោស​ឥឡូវ ទ្រង់​នឹង​វាយ​អស់​ទាំង​អាសនា​របស់​គេ ហើយ​បំផ្លាញ​បង្គោល​គោរព​របស់​គេ​បង់

3. ឥឡូវ​នេះ ពិត​ប្រាកដ​ជា​គេ​នឹង​ពោល​ថា យើង​គ្មាន​ស្តេច​ទេ ដ្បិត​យើង​មិន​បាន​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា តែ​បើ​មាន​ស្តេច​វិញ តើ​នឹង​មាន​ប្រយោជន៍​អ្វី​ដល់​យើង។

4. គេ​ពោល​ចេញ​តែ​ពាក្យ​ប៉ុណ្ណោះ ដោយ​ស្បថ​កុហក​ក្នុង​ការ​តាំង​សញ្ញា​គ្នា ហេតុ​នោះ​មាន​ការ​វិនិច្ឆ័យ​ដុះ​ឡើង​ដូច​ជា​ដើម​ពុល តាម​គន្លង​ក្នុង​ចំការ

5. ឯ​ពួក​អ្នក​នៅ​ក្រុង​សាម៉ារី គេ​នឹង​ភ័យ​ស្លុត​ពី​ដំណើរ​រូប​កូន​គោ​ដែល​នៅ​បេត-អាវេន ដ្បិត​ពួក​ជន​ទាំង‌ឡាយ​នឹង​សោយ‌សោក​ព្រោះ​រូប​នោះ ព្រម​ទាំង​ពួក​សង្ឃ​ដែល​បាន​យក​រូប​នោះ​ជា​ទី​រីក‌រាយ​ចិត្ត​ផង ពី​ព្រោះ​សិរី‌ល្អ​របស់​រូប​នោះ​បាន​បាត់​ទៅ​ហើយ

6. គេ​នឹង​ដឹក‌នាំ​ទៅ​ឯ​ស្រុក​អាស‌ស៊ើរ ទុក​ជា​ដង្វាយ​ថ្វាយ​ដល់​ស្តេច​យ៉ារែប អេប្រា‌អិម​នឹង​ទទួល​តែ​សេចក្ដី​អាម៉ាស់​ខ្មាស ហើយ​អ៊ីស្រា‌អែល​នឹង​ត្រូវ​ខ្មាស​ចំពោះ​សេចក្ដី​ប្រឹក្សា​របស់​ខ្លួន

7. ចំណែក​ក្រុង​សាម៉ារី ស្តេច​គេ​បាន​សូន្យ​បាត់​ដូច​ជា​ពពុះ​នៅ​លើ​ទឹក

8. ឯ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន​នៃ​ក្រុង​អាវេន គឺ​ជា​អំពើ​បាប​របស់​ពួក​អ៊ីស្រា‌អែល នោះ​នឹង​ត្រូវ​បំផ្លាញ ហើយ​មាន​បន្លា និង​អញ្ចាញ​ដុះ​ឡើង នៅ​លើ​អាសនា​របស់​គេ ហើយ​គេ​នឹង​និយាយ​ដល់​ភ្នំ​ធំ​ទាំង​ប៉ុន្មាន​ថា ចូរ​គ្រប​បាំង​យើង​រាល់​គ្នា​ចុះ ហើយ​ដល់​ភ្នំ​តូច​ទាំង​ប៉ុន្មាន​ថា ចូរ​ធ្លាក់​មក​លើ​យើង​ចុះ។

9. ឱ​អ៊ីស្រា‌អែល​អើយ ឯង​បាន​ប្រព្រឹត្ត​អំពើ​បាប​ចាប់​តាំង​ពី​គ្រា​ក្រុង​គីបៀរ​រៀង​មក នៅ​ទី​នោះ​គេ​បាន​ឈរ​នឹង​នៅ នៅ​ត្រង់​គីបៀរ​នោះ ចំបាំង​ទាស់​នឹង​មនុស្ស​ទុច្ចរិត​មិន​ទាន់​មក​លើ​គេ​នៅ​ឡើយ

ហូសេ 10