8. តើព្រះយេហូវ៉ា ទ្រង់មានព្រះហឫទ័យថ្នាំងថ្នាក់ ចំពោះទន្លេទាំងប៉ុន្មានឬ តើសេចក្ដីខ្ញាល់របស់ទ្រង់ដំរង់ទាស់នឹងទន្លេ ឬសេចក្ដីក្រោធរបស់ទ្រង់បានទាស់នឹងសមុទ្រឬអី បានជាទ្រង់ឡើងគង់លើសេះរបស់ទ្រង់ ហើយលើរថនៃសេចក្ដីសង្គ្រោះរបស់ទ្រង់ទៅដូច្នេះ
9. ធ្នូរបស់ទ្រង់បានបើកចេញស្រាប់ ពាក្យសម្បថដល់ពូជអំបូរទាំងឡាយជាព្រះបន្ទូលដ៏ពិត-បង្អង់-ទ្រង់បានពុះញែកផែនដីឲ្យទន្លេមានផ្លូវហូរ
10. ភ្នំទាំងប៉ុន្មានបានឃើញទ្រង់ ហើយក៏ភ័យខ្លាច ព្យុះភ្លៀងក៏បង្ហួសទៅ ទីជំរៅក៏បញ្ចេញសំឡេង ហើយបានលើកដៃឡើងទៅលើ
11. ឯព្រះអាទិត្យ និងព្រះចន្ទ ក៏ឈប់ទ្រឹងនៅ ដោយឃើញពន្លឺនៃព្រួញទ្រង់កំពុងហោះទៅ និងពន្លឺចាំងពីលំពែងដ៏ភ្លឺផ្លេកៗរបស់ទ្រង់
12. ទ្រង់បានយាងកាត់ស្រុកទៅ ដោយសេចក្ដីគ្នាន់ក្នាញ់ ក៏កិនបញ្ជាន់អស់ទាំងសាសន៍ដោយសេចក្ដីក្រោធ
13. ទ្រង់បានយាងចេញមក ដើម្បីជួយសង្គ្រោះរាស្ត្ររបស់ទ្រង់ គឺដើម្បីសង្គ្រោះអ្នកដែលទ្រង់បានចាក់ប្រេងតាំងឲ្យ ទ្រង់បានវាយអ្នកជាកំពូលលើវង្សមនុស្សអាក្រក់ឲ្យរបួស ក៏បំផ្លាញទៅ ចាប់តាំងពីជើង រហូតដល់កំពូលផង -បង្អង់-
14. ទ្រង់បានចាក់ទំលុះមេទ័ពរបស់គេ ដោយលំពែងរបស់ទ្រង់ គេបានចេញមកដូចជាខ្យល់កួច ដើម្បីកំចាត់កំចាយទូលបង្គំ គេត្រេកអរ ចំពោះតែការស៊ីបំផ្លាញពួកក្រីក្រ ដោយសំងាត់
15. ប៉ុន្តែទ្រង់បានជាន់ឈ្លីសមុទ្រ ដោយសេះទាំងប៉ុន្មានរបស់ទ្រង់ គឺអស់ទាំងរលកដែលបោកឡើងយ៉ាងធំ។
16. ខ្ញុំបានឮ ហើយពោះខ្ញុំក៏ញ័រប៉ផុក បបូរមាត់ខ្ញុំក៏ញ័រទទាក់ ដោយឮសំឡេងនោះ មានសេចក្ដីពុករលួយចូលក្នុងឆ្អឹងរបស់ខ្ញុំ ខ្ញុំក៏ភ័យញ័រនៅក្នុងខ្លួន ពីព្រោះខ្ញុំត្រូវរង់ចាំថ្ងៃវេទនាដោយអំណត់ គឺរង់ចាំសាសន៍ដែលទន្ទ្រានចូល បានមកដល់