8. ហើយពីព្រោះឯងបានប្លន់សាសន៍ជាច្រើន នោះសំណល់នៃជនជាតិទាំងឡាយនឹងប្លន់ឯងវិញ ដោយព្រោះឈាមមនុស្ស និងការច្រឡោត ដែលបានធ្វើនៅក្នុងស្រុកគេ ហើយដល់ទីក្រុង និងអស់មនុស្សដែលនៅក្នុងក្រុងនោះផង។
9. វេទនាដល់មនុស្សដែលបានកំរៃទុច្ចរិតសំរាប់ផ្ទះខ្លួន ដើម្បីនឹងតាំងសំបុកខ្លួននៅលើទីខ្ពស់ ឲ្យបានរួចពីកណ្តាប់ដៃនៃសេចក្ដីអាក្រក់
10. ឯងគិតគូរបង្កើតសេចក្ដីអាម៉ាស់ខ្មាសដល់ផ្ទះឯងវិញ ដោយផ្តាច់ផ្តិលជនជាតិជាច្រើន ក៏មានបាបទាស់នឹងព្រលឹងឯងហើយ
11. ដ្បិតថ្មជញ្ជាំងនឹងស្រែកចេញមក ហើយធ្នឹមនៅកណ្តាលអស់ទាំងគ្រឿងឈើនឹងឆ្លើយទទួល។
12. វេទនាដល់អ្នកណាដែលតាំងភូមិ ដោយកំចាយឈាម ហើយសង់ទីក្រុងដោយការទុច្ចរិត
13. មើល ដែលជនជាតិទាំងឡាយខំធ្វើការសំរាប់តែឲ្យភ្លើងឆេះ ហើយសាសន៍ទាំងប៉ុន្មាន ក៏ប្រឹងធ្វើនឿយហត់ជាឥតប្រយោជន៍ នោះតើមិនមកពីព្រះយេហូវ៉ានៃពួកពលបរិវារទេឬ
14. ដ្បិតមនុស្សនឹងស្គាល់ដល់សិរីល្អនៃព្រះយេហូវ៉ា នៅពេញលើផែនដី ដូចជាទឹកក៏នៅពេញសមុទ្រដែរ។
15. វេទនាដល់អ្នកណា ដែលបំផឹកដល់អ្នកជិតខាងខ្លួន គឺដែលចេះតែចាក់ឲ្យគេផឹកដល់ស្រវឹង ដើម្បីឲ្យបានឃើញសណ្ឋានអាក្រាតរបស់គេ