1. នៅថ្ងៃទី១ ខែភទ្របទ ក្នុងឆ្នាំទី២ នៃរាជ្យស្តេចដារីយុស នោះព្រះបន្ទូលនៃព្រះយេហូវ៉ា បានមកដល់សូរ៉ូបាបិល កូនសាលធាល ជាចៅហ្វាយលើស្រុកយូដា ហើយដល់យេសួរ ជាកូនយ៉ូសាដាកដ៏ជាសង្ឃធំ ដោយសារហោរាហាកាយថា
2. ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលដូច្នេះ ជនជាតិនេះគេពោលថា វេលាដែលនឹងសង់ព្រះវិហារនៃព្រះយេហូវ៉ាឡើងវិញ មិនទាន់មកដល់នៅឡើយ
3. ដូច្នេះ ព្រះបន្ទូលនៃយេហូវ៉ាក៏មក ដោយសារហោរាហាកាយថា
4. កំពុងដែលព្រះវិហារនេះនៅខូចបង់នៅឡើយ នោះតើជាវេលាឲ្យឯងរាល់គ្នាបានអាស្រ័យនៅក្នុងផ្ទះដែលបិទភ្ជិតដូច្នេះឬ
5. ឥឡូវ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា ចូរឯងរាល់គ្នាពិចារណាផ្លូវប្រព្រឹត្តរបស់ខ្លួនចុះ
6. ឯងរាល់គ្នាបានព្រោះពូជជាច្រើនតែច្រូតបានតិចទេ ក៏បានស៊ី តែមិនចេះឆ្អែត ហើយបានផឹក តែមិនបានស្កប់ស្កល់ ព្រមទាំងស្លៀកពាក់ តែមិនបានកក់ក្តៅឡើយ ឯអ្នកណាដែលស៊ីឈ្នួល នោះទទួលឈ្នួលឲ្យតែដាក់ថង់ធ្លុះទេ។
7. ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដូច្នេះថា ចូរឯងរាល់គ្នាពិចារណាផ្លូវប្រព្រឹត្តរបស់ខ្លួនចុះ
8. ព្រះយេហូវ៉ាទ្រង់បង្គាប់ថា ចូរឡើងទៅឯភ្នំ យកឈើមកសង់ព្រះវិហារចុះ នោះអញនឹងរីករាយចំពោះវិហារនោះ ហើយនឹងបានថ្កើងឡើងផង