9. នៅគ្រានោះ អញនឹងឲ្យជនជាតិទាំងឡាយ មានបបូរមាត់ស្អាត ដើម្បីឲ្យគេបានអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ាទាំងអស់គ្នា ហើយព្រមចិត្តគ្នានឹងគោរពដល់ទ្រង់
10. ពួកថ្វាយបង្គំអញ គឺកូនស្រីនៃពួកអញដែលត្រូវខ្ចាត់ខ្ចាយ គេនឹងនាំយកដង្វាយពីខាងនាយអស់ទាំងទន្លេស្រុកអេធីយ៉ូពី មកថ្វាយអញ
11. នៅថ្ងៃនោះ ឯងមិនត្រូវខ្មាសដោយព្រោះអស់ទាំងកិរិយា ដែលឯងបានធ្វើ គឺជាការដែលឯងបានរំលងទាស់នឹងអញទៀតនោះឡើយ ដ្បិតនៅគ្រានោះ អញនឹងដកយកពួកអ្នកដែលអួតអាង ដោយឆ្មើងឆ្មៃ ចេញពីកណ្តាលឯងទៅ នោះឯងនឹងលែងមានចិត្តអំនួត នៅលើភ្នំបរិសុទ្ធរបស់អញតទៅ
12. តែអញនឹងទុកជនមួយពួកដែលវេទនា ហើយកំសត់ទុគ៌តនៅកណ្តាលឯង ឯពួកនោះ គេនឹងពឹងដល់ព្រះនាមនៃព្រះយេហូវ៉ា
13. ពួកសំណល់នៃអ៊ីស្រាអែល នឹងមិនប្រព្រឹត្តអំពើទុច្ចរិត ឬពោលកុហកទៀតឡើយ ក៏នឹងឥតឃើញមានអណ្តាតឆបោកនៅក្នុងមាត់គេដែរ ដ្បិតគេនឹងរកស៊ី ហើយដេកចុះ ឥតមានអ្នកណាបំភ័យគេឡើយ។
14. ឱកូនស្រីស៊ីយ៉ូនអើយ ចូរច្រៀងឡើង ឱអ៊ីស្រាអែលអើយ ចូរស្រែកឡើងចុះ ឱកូនស្រីយេរូសាឡិមអើយ ចូរអរសប្បាយ ហើយរីករាយឲ្យអស់អំពីចិត្តទៅ
15. ព្រះយេហូវ៉ា ទ្រង់បានលើកទោសឯងចោល ទ្រង់បានបោះខ្មាំងសត្រូវរបស់ឯងចេញហើយ ឯស្តេចនៃសាសន៍អ៊ីស្រាអែល គឺព្រះយេហូវ៉ា ទ្រង់គង់នៅកណ្តាលឯង ឯងមិនត្រូវរងការអាក្រក់ទៀតឡើយ
16. នៅថ្ងៃនោះនឹងមានពាក្យពោលដល់ក្រុងយេរូសាឡិមថា កុំឲ្យខ្លាចឡើយ ឱស៊ីយ៉ូនអើយ កុំឲ្យដៃឯងអន់ថយឲ្យសោះ
17. ព្រះយេហូវ៉ា ដ៏ជាព្រះនៃឯង ទ្រង់គង់នៅកណ្តាលឯង ទ្រង់ជាព្រះដ៏មានឥទ្ធិឫទ្ធិ ដើម្បីជួយសង្គ្រោះ ទ្រង់នឹងមានសេចក្ដីរីករាយអរសប្បាយចំពោះឯង ទ្រង់នឹងសំរាកក្នុងសេចក្ដីស្រឡាញ់របស់ទ្រង់ ក៏នឹងអរសប្បាយនឹងឯង ដោយសំឡេងច្រៀង