1. វេទនាដល់ទីក្រុងរឹងចចេស ហើយស្មោកគ្រោក គឺដល់ទីក្រុងដែលសង្កត់សង្កិនគេ
2. វាមិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មិនព្រមទទួលសេចក្ដីប្រៀនប្រដៅ ហើយមិនទុកចិត្តទ្រង់សោះ ក៏ឥតចូលទៅជិតព្រះនៃខ្លួនឡើយ
3. ពួកចៅហ្វាយនៅកណ្តាលវា សុទ្ធតែជាសិង្ហកំពុងគ្រហឹម ពួកចៅក្រមរបស់វាជាឆ្កែព្រៃដែលចេញមកនៅពេលល្ងាច ហើយមិនទុកអ្វីដល់ព្រឹកឡើយ
4. ពួកហោរារបស់វា សុទ្ធតែមានចិត្តស្រាល ហើយកោងក្បត់ ឯពួកសង្ឃរបស់វា ក៏បានបង្អាប់ទីបរិសុទ្ធ គេបានក្បត់ចំពោះក្រឹត្យវិន័យ
5. តែព្រះយេហូវ៉ាដែលគង់នៅកណ្តាលវា ទ្រង់សុចរិតទេ ទ្រង់មិនព្រមប្រព្រឹត្តអំពើទុច្ចរិតសោះរាល់តែព្រឹក ទ្រង់នាំយកសេចក្ដីយុត្តិធម៌របស់ទ្រង់មកដាក់នៅពន្លឺ ឥតខានឡើយ តែមនុស្សអាក្រក់មិនចេះខ្មាសទេ
6. អញបានធ្វើឲ្យនគរផ្សេងៗវិនាសទៅ កំផែងរបស់គេត្រូវរលំចុះ អញបានធ្វើឲ្យផ្លូវគេខូចបង់ ដល់ម៉្លេះបានជាគ្មានអ្នកណាដើរតាមនោះទៀតឡើយ ទីក្រុងរបស់គេបានត្រូវបំផ្លាញ ដល់ម៉្លេះបានជាគ្មានមនុស្សសោះ គឺគ្មានអ្នកណាអាស្រ័យនៅទេ
7. អញបានប្រាប់ថា ឲ្យគ្រាន់តែកោតខ្លាចដល់អញ ហើយទទួលសេចក្ដីប្រៀនប្រដៅចុះ នោះទីលំនៅរបស់គេមិនត្រូវកាត់ចេញ តាមគ្រប់អស់ទាំងសេចក្ដីដែលអញបានដំរូវដល់គេនោះឡើយ តែគេបានក្រោកឡើងពីព្រលឹមស្រាង ដើម្បីបង្ខូចអស់ទាំងកិរិយារបស់ខ្លួនវិញ។
8. ដូច្នេះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ចូរឯងរាល់គ្នារង់ចាំ ដរាបដល់ថ្ងៃដែលអញក្រោកឡើងសង្គ្រុបលើគេ ពីព្រោះអញបានគិតសំរេច នឹងប្រមូលអស់ទាំងសាសន៍ ដើម្បីនឹងភ្ជុំនគរទាំងប៉ុន្មាន ប្រយោជន៍នឹងចាក់សេចក្ដីគ្នាន់ក្នាញ់របស់អញ គឺជាសេចក្ដីក្រេវក្រោធដ៏សហ័សរបស់អញទៅលើគេ ដ្បិតផែនដីទាំងមូលនឹងត្រូវឆេះ ដោយភ្លើងនៃសេចក្ដីប្រចណ្ឌរបស់អញ។
9. នៅគ្រានោះ អញនឹងឲ្យជនជាតិទាំងឡាយ មានបបូរមាត់ស្អាត ដើម្បីឲ្យគេបានអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ាទាំងអស់គ្នា ហើយព្រមចិត្តគ្នានឹងគោរពដល់ទ្រង់
10. ពួកថ្វាយបង្គំអញ គឺកូនស្រីនៃពួកអញដែលត្រូវខ្ចាត់ខ្ចាយ គេនឹងនាំយកដង្វាយពីខាងនាយអស់ទាំងទន្លេស្រុកអេធីយ៉ូពី មកថ្វាយអញ
11. នៅថ្ងៃនោះ ឯងមិនត្រូវខ្មាសដោយព្រោះអស់ទាំងកិរិយា ដែលឯងបានធ្វើ គឺជាការដែលឯងបានរំលងទាស់នឹងអញទៀតនោះឡើយ ដ្បិតនៅគ្រានោះ អញនឹងដកយកពួកអ្នកដែលអួតអាង ដោយឆ្មើងឆ្មៃ ចេញពីកណ្តាលឯងទៅ នោះឯងនឹងលែងមានចិត្តអំនួត នៅលើភ្នំបរិសុទ្ធរបស់អញតទៅ
12. តែអញនឹងទុកជនមួយពួកដែលវេទនា ហើយកំសត់ទុគ៌តនៅកណ្តាលឯង ឯពួកនោះ គេនឹងពឹងដល់ព្រះនាមនៃព្រះយេហូវ៉ា
13. ពួកសំណល់នៃអ៊ីស្រាអែល នឹងមិនប្រព្រឹត្តអំពើទុច្ចរិត ឬពោលកុហកទៀតឡើយ ក៏នឹងឥតឃើញមានអណ្តាតឆបោកនៅក្នុងមាត់គេដែរ ដ្បិតគេនឹងរកស៊ី ហើយដេកចុះ ឥតមានអ្នកណាបំភ័យគេឡើយ។