សុភាសិត 8:15-26 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. ពួក​មហា‌ក្សត្រ​សោយ‌រាជ្យ ហើយ​ពួក​មាន​បណ្តា​សក្តិ​ក៏​សំរេច​សេចក្តី​យុត្តិ‌ធម៌ ដោយ‌សារ​អញ

16. ពួក​អ្នក​គ្រប់‌គ្រង និង​ពួក​មាន​ត្រកូល​ខ្ពស់ គឺ​អស់​ទាំង​ចៅ‌ហ្វាយ​ដែល​នៅ​ផែនដី ក៏​គ្រប់‌គ្រង​ដោយ‌សារ​អញ​ដែរ

17. អញ​ស្រឡាញ់​ដល់​អស់​អ្នក​ដែល​ស្រឡាញ់​អញ ហើយ​អស់​ពួក​អ្នក​ដែល​ស្វែង​រក​អញ​អស់​ពី​ចិត្ត នោះ​នឹង​បាន​ជួប

18. មាន​អស់​ទាំង​ទ្រព្យ​សម្បត្តិ និង​កិត្តិយស​នៅ​ជា​មួយ​នឹង​អញ អើ មាន​ទាំង​របស់​ទ្រព្យ​ដ៏​ស្ថិត‌ស្ថេរ និង​សេចក្តី​សុចរិត​ផង

19. ផល​ដែល​កើត​ពី​អញ នោះ​វិសេស​ជាង​មាស អើ ក៏​ប្រសើរ​ជាង​មាស​យ៉ាង​បរិសុទ្ធ​ផង ហើយ​ផល​កំរៃ​របស់​អញ​ជា​ជាង​ប្រាក់​យ៉ាង​វិសេស​បំផុត

20. អញ​ដើរ​ក្នុង​ផ្លូវ​នៃ​សេចក្តី​សុចរិត គឺ​នៅ​កណ្តាល​ផ្លូវ​ច្រក​នៃ​សេចក្តី​យុត្តិ‌ធម៌

21. ដើម្បី​នឹង​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​អញ​បាន​ទទួល​របស់​ទាំង​ប៉ុន្មាន​ដែល​មាន ទុក​ជា​មរដក ហើយ​ឲ្យ​អញ​បាន​បំពេញ​ឃ្លាំង​របស់​គេ។

22. ព្រះ‌យេហូវ៉ា​ទ្រង់​បាន​តាំង​អញ​ឡើង ជា​ដើម​ការ​នៃ​ទ្រង់ គឺ​មុន​អស់​ទាំង​កិច្ច‌ការ​របស់​ទ្រង់​ពី​បុរាណ

23. ទ្រង់​បាន​សិត​អញ​តាំង​ពី​អស់‌កល្ប​រៀង​មក គឺ​ពី​កាល​នៅ​ដើម​ឡើយ មុន​ដែល​មាន​ផែនដី​ផង

24. ក្នុង​គ្រា​មុន​ដែល​មាន​ទី​ជំរៅ​ទឹក នោះ​អញ​បាន​កើត​ហើយ គឺ​កាល​មិន​ទាន់​មាន​រន្ធ​ទឹក​ណា​ដែល​ហូរ​ចេញ​ជា​បរិបូរ​នៅ​ឡើយ

25. មុន​ដែល​ភ្នំ​ទាំង‌ឡាយ​បាន​ហាប់​មាំ‌មួន​នៅ អញ​បាន​កើត​មក​មុន​អស់​ទាំង​ភ្នំ​តូច

26. គឺ​ក្នុង​កាល​ដែល​ទ្រង់​មិន​ទាន់​បង្កើត​ដី ឬ​ស្រែ​ចំការ ឬ​ល្អង​ធូលី​មុន​ដំបូង​នៅ​ផែនដី​នៅ​ឡើយ​ផង

សុភាសិត 8