1. ឯប្រាជ្ញា នោះបន្លឺឡើង ហើយយោបល់ក៏បញ្ចេញសំឡេងទេតើ
2. ទាំង២នោះឈរនៅកំពូលនៃអស់ទាំងទីខ្ពស់ក្បែរផ្លូវដើរ ហើយនៅកន្លែងដែលផ្លូវច្រកប្រសព្វគ្នា
3. ព្រមទាំងនៅមាត់ទ្វារ ជាផ្លូវចូលទៅក្នុងទីក្រុងផង គឺនៅកន្លែងដែលមនុស្សចូលតាមទ្វារក្រុង នោះក៏ស្រែកថា
4. ឱមនុស្សទាំងឡាយអើយ អញស្រែកហៅឯងរាល់គ្នា ហើយសំឡេងអញក៏ហៅរកដល់អស់មនុស្សជាតិ
5. ឱមនុស្សឆោតល្ងង់អើយ ចូររៀនឲ្យដឹងសេចក្តីឆ្លៀវឆ្លាត ឱមនុស្សចំកួតអើយ ចូរឲ្យចិត្តឯងមានយោបល់ចុះ
6. ចូរស្តាប់ ដ្បិតអញនឹងពោលសេចក្តីដ៏ប្រសើរវិសេស ហើយដែលអញបើកបបូរមាត់ នោះនឹងបញ្ចេញសេចក្តីទៀងត្រង់
7. ពីព្រោះមាត់អញនឹងពោលសេចក្តីពិត ហើយបបូរមាត់អញនឹងខ្ពើមចំពោះសេចក្តីអាក្រក់
8. អស់ទាំងពាក្យនៃមាត់អញ សុទ្ធតែសុចរិត ឥតមានអ្វីដែលព័ន្ធពាក់ ឬស្រពិចស្រពិលឡើយ
9. គឺសុទ្ធតែប្រចក្សច្បាស់ដល់អស់អ្នកដែលយល់ ហើយក៏ទៀងត្រង់ដល់អស់អ្នកដែលរកបានដំរិះដែរ
10. ស៊ូទទួលយកដំបូន្មានរបស់អញ ជាជាងប្រាក់ ហើយទទួលដំរិះ ជាជាងមាសយ៉ាងវិសេសបំផុត
11. ដ្បិតប្រាជ្ញាប្រសើរជាងត្បូងទទឹម ហើយរបស់ទាំងប៉ុន្មានដែលមនុស្សនឹងប្រាថ្នាចង់បាន នោះក៏ប្រៀបផ្ទឹមឲ្យស្មើមិនបានផង។