7. ក៏ពិចារណាក្នុងពួកមនុស្សឆោតល្ងង់ ឃើញក្នុងពួកកំឡោះៗមានម្នាក់ដែលឥតយោបល់
8. កំពុងតែដើរទៅតាមជ្រុងផ្លូវរបស់ស្ត្រីនោះ ក៏ដំរង់ទៅឯផ្ទះនាង
9. គឺនៅពេលព្រលប់ កាលពន្លឺនៅព្រិលៗនៅឡើយ ឬនៅពេលពាក់កណ្តាលអធ្រាត្រ កាលងងឹតសូន្យទៅហើយ
10. នោះឃើញមានស្ត្រីម្នាក់មកជួបនឹងវា នាងនោះតែងខ្លួនរបៀបជាស្រីសំផឹង ហើយមានចិត្តចេះឧបាយ
11. នាងធ្វើសំឡេងឡូៗ ហើយក៏មានក្បាលរឹង ជាអ្នកដែលនៅក្នុងផ្ទះមិនជាប់
12. ជួនកាលនាងនៅឯផ្ទះ ជួនកាលនៅទីផ្សារ ហើយក៏លបចាំនៅគ្រប់ទាំងជ្រុងផ្លូវផង
13. គឺយ៉ាងនោះដែលនាងចាប់ហើយថើបវា ក៏និយាយនឹងវាដោយមុខក្រាស់ថា
14. នៅថ្ងៃនេះ ខ្ញុំបានត្រូវថ្វាយយញ្ញបូជាជាដង្វាយមេត្រី ក៏បានលាបំណន់នោះស្រេចហើយ
15. ហេតុនោះបានជាខ្ញុំចេញមកទទួលអ្នក ដើម្បីខំរកឲ្យឃើញមុខអ្នក ក៏បានឃើញហើយ
16. ខ្ញុំបានក្រាលកំរាលប៉ាក់នៅលើគ្រែខ្ញុំ ព្រមទាំងសំពត់ពណ៌ ធ្វើពីអំបោះស្រុកអេស៊ីព្ទផង
17. ខ្ញុំបានប្រោះដំណេកដោយគ្រឿងក្រអូប គឺដោយជ័រល្វីងទេស ក្រឹស្នានឹងសម្បុរល្វែង
18. ចូរមក យើងនឹងបានឆ្អែតចិត្តដោយសេចក្តីស្នេហាដរាបដល់ភ្លឺ ចូរយើងមានចិត្តត្រេកត្រអាលក្នុងសេចក្តីស្រឡាញ់ចុះ
19. ដ្បិតប្ដីខ្ញុំមិននៅផ្ទះទេ គេហ៍បានធ្វើដំណើរទៅឆ្ងាយហើយ
20. ក៏យកថង់ប្រាក់ជាប់នឹងខ្លួនទៅដែរ ដល់ពេញបូណ៌ទើបត្រឡប់មកវិញ
21. គឺដោយពាក្យផ្អែមល្ហែមជាច្រើន នាងបានបបួលឲ្យវាព្រមតាម ហើយដោយពាក្យបញ្ចើចនៃបបូរមាត់នាង ក៏បង្ខំឲ្យវាទៅផង