8. គង់តែវាផ្គត់ផ្គង់អាហារវានៅខែប្រាំង ហើយក៏ប្រមូលស្បៀងទុក នៅក្នុងរដូវចំរូតផង
9. ឱមនុស្សខ្ជិលច្រអូសអើយ តើឯងនឹងដេកដល់កាលណា តើដល់កាលណាបានឯងក្រោកពីការដេកលក់
10. ដេកបន្តិច ងោកបន្តិច ឱបដៃនឹងដេកបន្តិច
11. យ៉ាងនោះ សេចក្តីកំសត់ទុគ៌តរបស់ឯង នឹងលោមកដល់ដូចជាចោរប្លន់ ព្រមទាំងសេចក្តីខ្វះខាត ដូចជាអ្នកកាន់គ្រឿងអាវុធ។
12. ឯមនុស្សចោលម្សៀត ជាពួកអ្នកដែលប្រព្រឹត្តអំពើទុច្ចរិត គឺជាមនុស្សដែលប្រើមាត់ពោលពាក្យវៀច
13. ជាអ្នកដែលមិចភ្នែក ហើយធ្វើជាទីសំគាល់ដោយជើង និងដៃ
14. ជាអ្នកដែលមានសេចក្តីវៀចនៅក្នុងចិត្ត ក៏តែងតែគិតគូរបង្កើតការអាក្រក់ជានិច្ច ព្រមទាំងសាបព្រោះការទាស់ទែងគ្នា
15. ដូច្នេះ សេចក្តីអន្តរាយរបស់វា នឹងលោមកភ្លាម១រំពេចក្នុងពេលបន្ទាន់នោះ វានឹងត្រូវបាក់បែកឥតមានអ្វីជួយផង។
16. មាន៦មុខ ដែលព្រះយេហូវ៉ាទ្រង់ស្អប់ អើ មាន៧ផង ដែលទ្រង់ខ្ពើមឆ្អើម
17. គឺភ្នែកឆ្មើងឆ្មៃ១ អណ្តាតភូតភរ១ ដៃដែលកំចាយឈាមមនុស្សឥតទោស១
18. ចិត្តដែលគិតគូរបង្កើតអំពើអាក្រក់១ ជើងដែលរហ័សរត់ទៅប្រព្រឹត្តអាក្រក់១
19. និងសាក្សីក្លែងក្លាយ ដែលពោលពាក្យកំភូត១ ហើយមនុស្សដែលសាបព្រោះសេចក្តីទាស់ទែងគ្នាក្នុងពួកបងប្អូន១ដែរ។
20. កូនអើយ ចូររក្សាទុកនូវសេចក្តីបណ្តាំរបស់ឪពុកឯងចុះ ក៏កុំឲ្យបោះបង់ចោលដំបូន្មានរបស់ម្តាយឯងឡើយ