6. កុំឲ្យចោលប្រាជ្ញាឡើយ នោះនឹងការពារឯង ចូរស្រឡាញ់ប្រាជ្ញាចុះ នោះនឹងទំនុកបំរុងឯង
7. ប្រាជ្ញាជាសំខាន់លេខ១ ដូច្នេះចូរខំឲ្យបានប្រាជ្ញាចុះ អើកំពុងដែលខំឲ្យបានរបស់ផ្សេងៗ នោះចូរខំឲ្យបានយោបល់ផង
8. ចូរដំកើងប្រាជ្ញាឲ្យខ្ពស់ឡើង នោះនឹងឲ្យឯងខ្ពស់ឡើងដែរ ក៏នឹងនាំឲ្យឯងបានកិត្តិសព្ទ ដោយឯងឱបក្រសោបជាប់
9. ប្រាជ្ញានឹងបំពាក់គ្រឿងដ៏វិសេសលើក្បាលឯង ហើយនឹងឲ្យឯងពាក់សិរីល្អទុកជាមកុដ។
10. ចូរស្តាប់ កូនអើយ ហើយទទួលពាក្យរបស់អញចុះ នោះឆ្នាំនៃអាយុឯងនឹងបានយឺនយូរ
11. អញបានបង្រៀនឯងក្នុងផ្លូវនៃប្រាជ្ញា អញបាននាំឯងទៅក្នុងអស់ទាំងផ្លូវច្រកនៃសេចក្តីទៀងត្រង់
12. កាលណាឯងដើរទៅ នោះជំហានឯងនឹងមិនទើសទាល់ ហើយកាលណាឯងរត់ នោះឯងនឹងមិនចំពប់ឡើយ
13. ចូរតោងជាប់តាមសេចក្តីដំបូន្មាន កុំលែងឲ្យសោះ ត្រូវឲ្យរក្សាទុក ដ្បិតសេចក្តីនោះជាជីវិតរបស់ឯង
14. កុំឲ្យចូលក្នុងផ្លូវរបស់មនុស្សអាក្រក់ឡើយ ក៏កុំឲ្យដើរតាមផ្លូវរបស់មនុស្សដែលប្រព្រឹត្តអាក្រក់ដែរ
15. ចូរចៀសចេញ កុំឲ្យដើរជិតផ្លូវនោះឲ្យសោះ ត្រូវឲ្យងាកចេញ ហើយបង្ហួសទៅឲ្យផុត
16. ដ្បិតពួកនោះ គេមិនដេកឡើយ ទាល់តែបានធ្វើអំពើអាក្រក់ជាមុនសិន ហើយបើគេមិនបានធ្វើឲ្យមនុស្សណាដួល នោះគេក៏ដេកមិនលក់ដែរ
17. ពីព្រោះគេបរិភោគអាហារ ជាផលនៃការអាក្រក់ ហើយផឹកស្រាទំពាំងបាយជូរ ជាផលនៃការច្រឡោត
18. តែផ្លូវរបស់មនុស្សសុចរិត ធៀបដូចជាពន្លឺ ដែលកំពុងតែរះឡើង ដែលភ្លឺកាន់តែខ្លាំងឡើង ដរាបដល់ពេញកំឡាំង
19. ឯផ្លូវរបស់មនុស្សអាក្រក់ នោះធៀបដូចជាសេចក្តីងងឹតវិញ គេមិនដឹងជាចំពប់នឹងអ្វីទេ។
20. កូនអើយ ចូរប្រុងស្តាប់អស់ទាំងពាក្យរបស់អញ ហើយផ្ទៀងត្រចៀកស្តាប់សេចក្តី ដែលអញពោលទាំងអម្បាលម៉ាន