14. កុំឲ្យចូលក្នុងផ្លូវរបស់មនុស្សអាក្រក់ឡើយ ក៏កុំឲ្យដើរតាមផ្លូវរបស់មនុស្សដែលប្រព្រឹត្តអាក្រក់ដែរ
15. ចូរចៀសចេញ កុំឲ្យដើរជិតផ្លូវនោះឲ្យសោះ ត្រូវឲ្យងាកចេញ ហើយបង្ហួសទៅឲ្យផុត
16. ដ្បិតពួកនោះ គេមិនដេកឡើយ ទាល់តែបានធ្វើអំពើអាក្រក់ជាមុនសិន ហើយបើគេមិនបានធ្វើឲ្យមនុស្សណាដួល នោះគេក៏ដេកមិនលក់ដែរ
17. ពីព្រោះគេបរិភោគអាហារ ជាផលនៃការអាក្រក់ ហើយផឹកស្រាទំពាំងបាយជូរ ជាផលនៃការច្រឡោត
18. តែផ្លូវរបស់មនុស្សសុចរិត ធៀបដូចជាពន្លឺ ដែលកំពុងតែរះឡើង ដែលភ្លឺកាន់តែខ្លាំងឡើង ដរាបដល់ពេញកំឡាំង
19. ឯផ្លូវរបស់មនុស្សអាក្រក់ នោះធៀបដូចជាសេចក្តីងងឹតវិញ គេមិនដឹងជាចំពប់នឹងអ្វីទេ។
20. កូនអើយ ចូរប្រុងស្តាប់អស់ទាំងពាក្យរបស់អញ ហើយផ្ទៀងត្រចៀកស្តាប់សេចក្តី ដែលអញពោលទាំងអម្បាលម៉ាន
21. កុំឲ្យសេចក្តីទាំងនោះឃ្លាតបាត់ពីភ្នែកឯងឡើយ ត្រូវឲ្យរក្សាទុកនៅកណ្តាលដួងចិត្តឯងវិញ
22. ដ្បិតសេចក្តីទាំងនោះ ជាជីវិតដល់អស់អ្នកណាដែលស្វែងរកបាន ក៏ជាសេចក្តីសុខស្រួល ដល់ខ្លួនប្រាណទាំងមូលផង
23. ចូររក្សាចិត្ត ដោយអស់ពីព្យាយាម ដ្បិតអស់ទាំងផលនៃជីវិត សុទ្ធតែចេញពីក្នុងចិត្តមក
24. ចូរបោះបង់ចោលមាត់ដែលពោលពាក្យវៀចចេញពីឯងទៅ ព្រមទាំងបបូរមាត់ខូចឲ្យនៅឆ្ងាយពីឯងផង
25. ចូរឲ្យភ្នែកឯងមើលចំទៅមុខ ហើយត្របកភ្នែកឯងត្រង់ទៅមុខដែរ
26. ត្រូវឲ្យពិចារណាផ្លូវដែលជើងឯងដើរ ហើយចាត់ចែងឲ្យអស់ទាំងផ្លូវឯងបានត្រឹមត្រូវចុះ