15. នាងក្រោកពីដេកតាំងពីនៅងងឹតនៅឡើយ ក៏ចាត់ចែងអាហារឲ្យពួកផ្ទះ ហើយបង្គាប់ការដល់ពួកបាវស្រីទាំងប៉ុន្មាន
16. នាងពិចារណាមើលចំការ១ ហើយក៏ទិញទុក រួចយកផលនៃស្នាដៃនាង ទៅដាំដំណាំទំពាំងបាយជូរ
17. នាងទំលាប់ចង្កេះឲ្យមានកំឡាំង ហើយឲ្យដៃបានខ្លាំងឡើងដែរ
18. នាងឃើញថា ទំនិញរបស់នាងសុទ្ធតែមានកំរៃ ហើយយប់ៗចង្កៀងនាងមិនរលត់ទេ
19. នាងចាប់យកហុង ហើយម្រាមដៃក៏កាន់ខ្នារ
20. នាងឈោងដៃដល់មនុស្សកំសត់ទុគ៌ត អើ នាងហុចដៃទៅជួយមនុស្សក្រលំបាកផង
21. ចំណែកពួកផ្ទះនាង នោះនាងមិនខ្លាចចំពោះហិមៈទេ ដ្បិតគេសុទ្ធតែស្លៀកពាក់សំពត់សក្លាតពណ៌ក្រហម
22. នាងត្បាញសំពត់ដណ្តប់ខ្លួន សំលៀកបំពាក់របស់នាងសុទ្ធតែធ្វើពីសំពត់ខ្លូតទេសយ៉ាងម៉ដ្ត មានពណ៌ស្វាយ
23. កាលណាប្ដីនាងទៅអង្គុយត្រង់ទ្វារក្រុងក្នុងចំណោមនៃពួកចាស់ទុំក្នុងស្រុក នោះគេក៏ស្គាល់រាប់អានគាត់ដែរ
24. នាងក៏ធ្វើអាវខ្លូតទេសសំរាប់លក់ ហើយធ្វើខ្សែក្រវាត់ឲ្យដល់អ្នកជំនួញ
25. នាងមានកំឡាំងនឹងលំអជាគ្រឿងអម្ពរ ក៏នឹកសើចពីហេតុណាដែលកើតបាននៅខាងមុខ
26. នាងពោលដោយប្រាជ្ញា ហើយនៅអណ្តាតនាងមានសេចក្តីសប្បុរស
27. នាងថែមើលអស់ទាំងផ្លូវរបស់ពួកផ្ទះនាងយ៉ាងល្អ ឥតដែលបរិភោគអាហារដោយសេចក្តីកំជិលឡើយ
28. កូនរបស់នាងទាំងប៉ុន្មានក្រោកឈរឡើងគោរពដល់ម្តាយ ថាជាអ្នកមានពរ ប្ដីក៏ក្រោកឈរឡើងសរសើរដល់នាងដែរថា
29. មានស្រីៗជាច្រើនបានប្រព្រឹត្តដោយគ្រប់លក្ខណ៍ តែនាងបានវិសេសលើសជាងគេទាំងអស់។
30. រូបឆោមឆាយជាសេចក្តីបញ្ឆោត ហើយមុខស្រស់ល្អក៏ឥតប្រយោជន៍ដែរ តែស្ត្រីណាដែលកោតខ្លាចដល់ព្រះយេហូវ៉ា នោះនឹងមានគេសរសើរវិញ
31. ចូរថ្លែងពីផលដែលដៃនាងបានបង្កើត ហើយទុកឲ្យស្នាដៃរបស់នាងបានជាទីសរសើរដល់នាងនៅទ្វារក្រុងចុះ។:៚