7. ទូលបង្គំបានសូមសេចក្តី២ប្រការពីទ្រង់ សូមកុំខាននឹងប្រទានសេចក្តីទាំង២ នោះដល់ទូលបង្គំ មុនដែលទូលបង្គំស្លាប់ឡើយ
8. គឺសូមកំចាត់សេចក្តីភូតភរ និងពាក្យកុហកឲ្យឆ្ងាយពីទូលបង្គំទៅ ហើយសូមកុំឲ្យទូលបង្គំមានសេចក្តីទាល់ក្រ ឬជាអ្នកមានដែរ សូមគ្រាន់តែចិញ្ចឹមទូលបង្គំដោយអាហារដែលត្រូវការប៉ុណ្ណោះ
9. ក្រែងទូលបង្គំបានឆ្អែត ហើយបោះបង់ចោលទ្រង់ដោយពាក្យថា ព្រះយេហូវ៉ាជាអ្នកណាហ្ន៏ ឬក្រែងទូលបង្គំមានសេចក្តីទាល់ក្រ ហើយទៅជាលួចគេ ព្រមទាំងប្រើព្រះនាមនៃព្រះជាទីមើលងាយផង។
10. កុំឲ្យនិយាយបង្កាច់បាវបំរើដល់ចៅហ្វាយវាឡើយ ក្រែងគេជេរឯង ហើយឯងជាប់មានទោសវិញ
11. មានសម័យ១ ដែលមនុស្សហ៊ានជេរដល់ឪពុកខ្លួន ហើយមិនឲ្យពរដល់ម្តាយផង
12. មានសម័យ១ ដែលមនុស្សមើលខ្លួនឯង ស្មានថាបរិសុទ្ធ ប៉ុន្តែគេមិនទាន់បានលាងជំរះសេចក្តីស្មោកគ្រោករបស់គេចេញនៅឡើយទេ
13. មានសម័យ១ ដែលមនុស្សមានឫកខ្ពស់យ៉ាងណាហ្ន៎ ហើយមានភ្នែកឆ្មើងឆ្មៃផង
14. មានសម័យ១ ដែលមនុស្សមានធ្មេញដូចជាដាវ ហើយមានថ្គាមដូចជាកាំបិត ដើម្បីខាំស៊ីមនុស្សទាល់ក្រឲ្យបាត់ចេញពីលើផែនដីទៅ ព្រមទាំងពួកកំសត់ទុគ៌តពីកណ្តាលចំណោមមនុស្សលោកផង។
15. ឈ្លើងមានកូនញី២ វាស្រែកថា ចូរឲ្យ ចូរឲ្យមកចុះ មានសេចក្តី៣មុខ ដែលមិនចេះស្កប់ចិត្តឡើយក៏មាន៤ផង ដែលមិនចេះថា «ល្មម»នោះឡើយ
16. គឺស្ថានឃុំព្រលឹងមនុស្សស្លាប់១ ពោះស្ត្រីអារ១ ដីដែលមិនបានទឹកជោក១ ហើយនឹងភ្លើង ដែលមិនចេះថា«ល្មមហើយ»១ដែរ។
17. ឯភ្នែកដែលចំអកឲ្យឪពុក ហើយប្រមាថមើលងាយមិនស្តាប់បង្គាប់ម្តាយ នោះក្អែកនៅច្រកភ្នំនឹងចឹកភ្នែកនោះចេញ ហើយត្មាតនឹងជញ្ជែងស៊ីទៅ។
18. មានសេចក្តី៣មុខ ដែលអស្ចារ្យហួសគំនិតខ្ញុំ អើក៏មាន៤ផង ដែលខ្ញុំរកស្គាល់មិនបាន
19. គឺជាដំណើររបស់ឥន្ទ្រីហើរនៅលើអាកាស១ ដំណើរនៃពស់លូននៅលើថ្ម១ ដំណើរនាវាបើកនៅកណ្តាលសមុទ្រ១ ហើយដំណើរមនុស្សកំឡោះនៅចំពោះស្ត្រីក្រមុំ១។