5. គ្រប់ទាំងព្រះបន្ទូលនៃព្រះ សុទ្ធតែបរិសុទ្ធ ទ្រង់ជាខែល ដល់អស់អ្នកដែលពឹងជ្រកក្នុងទ្រង់
6. កុំឲ្យបន្ថែមបញ្ចូលក្នុងព្រះបន្ទូលទ្រង់ឡើយ ក្រែងទ្រង់បន្ទោសដល់ឯង ហើយឃើញថា ឯងជាមនុស្សភូតភរ។
7. ទូលបង្គំបានសូមសេចក្តី២ប្រការពីទ្រង់ សូមកុំខាននឹងប្រទានសេចក្តីទាំង២ នោះដល់ទូលបង្គំ មុនដែលទូលបង្គំស្លាប់ឡើយ
8. គឺសូមកំចាត់សេចក្តីភូតភរ និងពាក្យកុហកឲ្យឆ្ងាយពីទូលបង្គំទៅ ហើយសូមកុំឲ្យទូលបង្គំមានសេចក្តីទាល់ក្រ ឬជាអ្នកមានដែរ សូមគ្រាន់តែចិញ្ចឹមទូលបង្គំដោយអាហារដែលត្រូវការប៉ុណ្ណោះ
9. ក្រែងទូលបង្គំបានឆ្អែត ហើយបោះបង់ចោលទ្រង់ដោយពាក្យថា ព្រះយេហូវ៉ាជាអ្នកណាហ្ន៏ ឬក្រែងទូលបង្គំមានសេចក្តីទាល់ក្រ ហើយទៅជាលួចគេ ព្រមទាំងប្រើព្រះនាមនៃព្រះជាទីមើលងាយផង។
10. កុំឲ្យនិយាយបង្កាច់បាវបំរើដល់ចៅហ្វាយវាឡើយ ក្រែងគេជេរឯង ហើយឯងជាប់មានទោសវិញ
11. មានសម័យ១ ដែលមនុស្សហ៊ានជេរដល់ឪពុកខ្លួន ហើយមិនឲ្យពរដល់ម្តាយផង
12. មានសម័យ១ ដែលមនុស្សមើលខ្លួនឯង ស្មានថាបរិសុទ្ធ ប៉ុន្តែគេមិនទាន់បានលាងជំរះសេចក្តីស្មោកគ្រោករបស់គេចេញនៅឡើយទេ
13. មានសម័យ១ ដែលមនុស្សមានឫកខ្ពស់យ៉ាងណាហ្ន៎ ហើយមានភ្នែកឆ្មើងឆ្មៃផង
14. មានសម័យ១ ដែលមនុស្សមានធ្មេញដូចជាដាវ ហើយមានថ្គាមដូចជាកាំបិត ដើម្បីខាំស៊ីមនុស្សទាល់ក្រឲ្យបាត់ចេញពីលើផែនដីទៅ ព្រមទាំងពួកកំសត់ទុគ៌តពីកណ្តាលចំណោមមនុស្សលោកផង។