សុភាសិត 30:2-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. ពិត​ប្រាកដ​ជា​ខ្ញុំ​ល្ងង់​ជាង​អស់​ទាំង​មនុស្ស ក៏​ឥត​មាន​យោបល់​របស់​មនុស្ស​ដែរ

3. ខ្ញុំ​មិន​បាន​រៀន​ឲ្យ​មាន​ប្រាជ្ញា​ទេ ក៏​គ្មាន​ដំរិះ​របស់​ព្រះ​ដ៏​បរិសុទ្ធ​ផង។

4. តើ​អ្នក​ណា​បាន​ឡើង​ទៅ​ឯ​ស្ថាន‌សួគ៌ រួច​ត្រឡប់​ចុះ​មក​វិញ តើ​អ្នក​ណា​បាន​កើប​ប្រមូល​ខ្យល់​ក្តាប់​នៅ​ដៃ​អាវ តើ​អ្នក​ណា​បាន​ដក់​ក្របួច​អស់​ទាំង​ទឹក នៅ​ក្នុង​ថ្នក់​អាវ​របស់​ខ្លួន តើ​អ្នក​ណា​បាន​ប្រតិ‌ស្ឋាន​ចុង​ផែនដី​ទាំង​ប៉ុន្មាន តើ​ព្រះ‌អង្គ​នោះ​មាន​ព្រះ‌នាម​ជា​អ្វី ហើយ​ព្រះ‌រាជ​បុត្រា​របស់​ទ្រង់​តើ​មាន​ព្រះ‌នាម​ជា​អ្វី បើ​ឯង​ដឹង ចូរ​ប្រាប់​មក។

5. គ្រប់​ទាំង​ព្រះ‌បន្ទូល​នៃ​ព្រះ សុទ្ធ​តែ​បរិសុទ្ធ ទ្រង់​ជា​ខែល ដល់​អស់​អ្នក​ដែល​ពឹង​ជ្រក​ក្នុង​ទ្រង់

6. កុំ​ឲ្យ​បន្ថែម​បញ្ចូល​ក្នុង​ព្រះ‌បន្ទូល​ទ្រង់​ឡើយ ក្រែង​ទ្រង់​បន្ទោស​ដល់​ឯង ហើយ​ឃើញ​ថា ឯង​ជា​មនុស្ស​ភូត‌ភរ។

7. ទូល‌បង្គំ​បាន​សូម​សេចក្តី​២​ប្រការ​ពី​ទ្រង់ សូម​កុំ​ខាន​នឹង​ប្រទាន​សេចក្តី​ទាំង​២ នោះ​ដល់​ទូល‌បង្គំ មុន​ដែល​ទូល‌បង្គំ​ស្លាប់​ឡើយ

8. គឺ​សូម​កំចាត់​សេចក្តី​ភូត‌ភរ និង​ពាក្យ​កុហក​ឲ្យ​ឆ្ងាយ​ពី​ទូល‌បង្គំ​ទៅ ហើយ​សូម​កុំ​ឲ្យ​ទូល‌បង្គំ​មាន​សេចក្តី​ទាល់​ក្រ ឬ​ជា​អ្នក​មាន​ដែរ សូម​គ្រាន់​តែ​ចិញ្ចឹម​ទូល‌បង្គំ​ដោយ​អាហារ​ដែល​ត្រូវ​ការ​ប៉ុណ្ណោះ

9. ក្រែង​ទូល‌បង្គំ​បាន​ឆ្អែត ហើយ​បោះ‌បង់​ចោល​ទ្រង់​ដោយ​ពាក្យ​ថា ព្រះ‌យេហូវ៉ា​ជា​អ្នក​ណា​ហ្ន៏ ឬ​ក្រែង​ទូល‌បង្គំ​មាន​សេចក្តី​ទាល់​ក្រ ហើយ​ទៅ​ជា​លួច​គេ ព្រម​ទាំង​ប្រើ​ព្រះ‌នាម​នៃ​ព្រះ​ជា​ទី​មើល‌ងាយ​ផង។

10. កុំ​ឲ្យ​និយាយ​បង្កាច់​បាវ​បំរើ​ដល់​ចៅ‌ហ្វាយ​វា​ឡើយ ក្រែង​គេ​ជេរ​ឯង ហើយ​ឯង​ជាប់​មាន​ទោស​វិញ

11. មាន​សម័យ​១ ដែល​មនុស្ស​ហ៊ាន​ជេរ​ដល់​ឪពុក​ខ្លួន ហើយ​មិន​ឲ្យ​ពរ​ដល់​ម្តាយ​ផង

12. មាន​សម័យ​១ ដែល​មនុស្ស​មើល​ខ្លួន​ឯង ស្មាន​ថា​បរិសុទ្ធ ប៉ុន្តែ​គេ​មិន​ទាន់​បាន​លាង​ជំរះ​សេចក្តី​ស្មោក‌គ្រោក​របស់​គេ​ចេញ​នៅ​ឡើយ​ទេ

13. មាន​សម័យ​១ ដែល​មនុស្ស​មាន​ឫក​ខ្ពស់​យ៉ាង​ណា​ហ្ន៎ ហើយ​មាន​ភ្នែក​ឆ្មើង‌ឆ្មៃ​ផង

14. មាន​សម័យ​១ ដែល​មនុស្ស​មាន​ធ្មេញ​ដូច​ជា​ដាវ ហើយ​មាន​ថ្គាម​ដូច​ជា​កាំបិត ដើម្បី​ខាំ​ស៊ី​មនុស្ស​ទាល់​ក្រ​ឲ្យ​បាត់​ចេញ​ពី​លើ​ផែនដី​ទៅ ព្រម​ទាំង​ពួក​កំសត់​ទុគ៌ត​ពី​កណ្តាល​ចំណោម​មនុស្ស​លោក​ផង។

15. ឈ្លើង​មាន​កូន​ញី​២ វា​ស្រែក​ថា ចូរ​ឲ្យ ចូរ​ឲ្យ​មក​ចុះ មាន​សេចក្តី​៣​មុខ ដែល​មិន​ចេះ​ស្កប់​ចិត្ត​ឡើយ​ក៏​មាន​៤​ផង ដែល​មិន​ចេះ​ថា «ល្មម»នោះ​ឡើយ

16. គឺ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​១ ពោះ​ស្ត្រី​អារ​១ ដី​ដែល​មិន​បាន​ទឹក​ជោក​១ ហើយ​នឹង​ភ្លើង ដែល​មិន​ចេះ​ថា«ល្មម​ហើយ»១​ដែរ។

17. ឯ​ភ្នែក​ដែល​ចំអក​ឲ្យ​ឪពុក ហើយ​ប្រមាថ​មើល‌ងាយ​មិន​ស្តាប់​បង្គាប់​ម្តាយ នោះ​ក្អែក​នៅ​ច្រក​ភ្នំ​នឹង​ចឹក​ភ្នែក​នោះ​ចេញ ហើយ​ត្មាត​នឹង​ជញ្ជែង​ស៊ី​ទៅ។

សុភាសិត 30