សុភាសិត 30:10-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. កុំ​ឲ្យ​និយាយ​បង្កាច់​បាវ​បំរើ​ដល់​ចៅ‌ហ្វាយ​វា​ឡើយ ក្រែង​គេ​ជេរ​ឯង ហើយ​ឯង​ជាប់​មាន​ទោស​វិញ

11. មាន​សម័យ​១ ដែល​មនុស្ស​ហ៊ាន​ជេរ​ដល់​ឪពុក​ខ្លួន ហើយ​មិន​ឲ្យ​ពរ​ដល់​ម្តាយ​ផង

12. មាន​សម័យ​១ ដែល​មនុស្ស​មើល​ខ្លួន​ឯង ស្មាន​ថា​បរិសុទ្ធ ប៉ុន្តែ​គេ​មិន​ទាន់​បាន​លាង​ជំរះ​សេចក្តី​ស្មោក‌គ្រោក​របស់​គេ​ចេញ​នៅ​ឡើយ​ទេ

13. មាន​សម័យ​១ ដែល​មនុស្ស​មាន​ឫក​ខ្ពស់​យ៉ាង​ណា​ហ្ន៎ ហើយ​មាន​ភ្នែក​ឆ្មើង‌ឆ្មៃ​ផង

14. មាន​សម័យ​១ ដែល​មនុស្ស​មាន​ធ្មេញ​ដូច​ជា​ដាវ ហើយ​មាន​ថ្គាម​ដូច​ជា​កាំបិត ដើម្បី​ខាំ​ស៊ី​មនុស្ស​ទាល់​ក្រ​ឲ្យ​បាត់​ចេញ​ពី​លើ​ផែនដី​ទៅ ព្រម​ទាំង​ពួក​កំសត់​ទុគ៌ត​ពី​កណ្តាល​ចំណោម​មនុស្ស​លោក​ផង។

15. ឈ្លើង​មាន​កូន​ញី​២ វា​ស្រែក​ថា ចូរ​ឲ្យ ចូរ​ឲ្យ​មក​ចុះ មាន​សេចក្តី​៣​មុខ ដែល​មិន​ចេះ​ស្កប់​ចិត្ត​ឡើយ​ក៏​មាន​៤​ផង ដែល​មិន​ចេះ​ថា «ល្មម»នោះ​ឡើយ

16. គឺ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​១ ពោះ​ស្ត្រី​អារ​១ ដី​ដែល​មិន​បាន​ទឹក​ជោក​១ ហើយ​នឹង​ភ្លើង ដែល​មិន​ចេះ​ថា«ល្មម​ហើយ»១​ដែរ។

17. ឯ​ភ្នែក​ដែល​ចំអក​ឲ្យ​ឪពុក ហើយ​ប្រមាថ​មើល‌ងាយ​មិន​ស្តាប់​បង្គាប់​ម្តាយ នោះ​ក្អែក​នៅ​ច្រក​ភ្នំ​នឹង​ចឹក​ភ្នែក​នោះ​ចេញ ហើយ​ត្មាត​នឹង​ជញ្ជែង​ស៊ី​ទៅ។

18. មាន​សេចក្តី​៣​មុខ ដែល​អស្ចារ្យ​ហួស​គំនិត​ខ្ញុំ អើ​ក៏​មាន​៤​ផង ដែល​ខ្ញុំ​រក​ស្គាល់​មិន​បាន

សុភាសិត 30