1. ពាក្យទាំងនេះ ជាពាក្យរបស់អេគើរ ជាកូនយ៉ាកេ គឺជាសេចក្តីទំនាយដែលអ្នកនោះបានពោលដល់អ៊ីធាល គឺដល់អ៊ីធាល និងយូកាលផងថា___
2. ពិតប្រាកដជាខ្ញុំល្ងង់ជាងអស់ទាំងមនុស្ស ក៏ឥតមានយោបល់របស់មនុស្សដែរ
3. ខ្ញុំមិនបានរៀនឲ្យមានប្រាជ្ញាទេ ក៏គ្មានដំរិះរបស់ព្រះដ៏បរិសុទ្ធផង។
4. តើអ្នកណាបានឡើងទៅឯស្ថានសួគ៌ រួចត្រឡប់ចុះមកវិញ តើអ្នកណាបានកើបប្រមូលខ្យល់ក្តាប់នៅដៃអាវ តើអ្នកណាបានដក់ក្របួចអស់ទាំងទឹក នៅក្នុងថ្នក់អាវរបស់ខ្លួន តើអ្នកណាបានប្រតិស្ឋានចុងផែនដីទាំងប៉ុន្មាន តើព្រះអង្គនោះមានព្រះនាមជាអ្វី ហើយព្រះរាជបុត្រារបស់ទ្រង់តើមានព្រះនាមជាអ្វី បើឯងដឹង ចូរប្រាប់មក។
5. គ្រប់ទាំងព្រះបន្ទូលនៃព្រះ សុទ្ធតែបរិសុទ្ធ ទ្រង់ជាខែល ដល់អស់អ្នកដែលពឹងជ្រកក្នុងទ្រង់
6. កុំឲ្យបន្ថែមបញ្ចូលក្នុងព្រះបន្ទូលទ្រង់ឡើយ ក្រែងទ្រង់បន្ទោសដល់ឯង ហើយឃើញថា ឯងជាមនុស្សភូតភរ។
7. ទូលបង្គំបានសូមសេចក្តី២ប្រការពីទ្រង់ សូមកុំខាននឹងប្រទានសេចក្តីទាំង២ នោះដល់ទូលបង្គំ មុនដែលទូលបង្គំស្លាប់ឡើយ
8. គឺសូមកំចាត់សេចក្តីភូតភរ និងពាក្យកុហកឲ្យឆ្ងាយពីទូលបង្គំទៅ ហើយសូមកុំឲ្យទូលបង្គំមានសេចក្តីទាល់ក្រ ឬជាអ្នកមានដែរ សូមគ្រាន់តែចិញ្ចឹមទូលបង្គំដោយអាហារដែលត្រូវការប៉ុណ្ណោះ
9. ក្រែងទូលបង្គំបានឆ្អែត ហើយបោះបង់ចោលទ្រង់ដោយពាក្យថា ព្រះយេហូវ៉ាជាអ្នកណាហ្ន៏ ឬក្រែងទូលបង្គំមានសេចក្តីទាល់ក្រ ហើយទៅជាលួចគេ ព្រមទាំងប្រើព្រះនាមនៃព្រះជាទីមើលងាយផង។
10. កុំឲ្យនិយាយបង្កាច់បាវបំរើដល់ចៅហ្វាយវាឡើយ ក្រែងគេជេរឯង ហើយឯងជាប់មានទោសវិញ
11. មានសម័យ១ ដែលមនុស្សហ៊ានជេរដល់ឪពុកខ្លួន ហើយមិនឲ្យពរដល់ម្តាយផង