សុភាសិត 3:7-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. កុំ​ឲ្យ​មើល​ខ្លួន​ថា​មាន​ប្រាជ្ញា​ឡើយ ចូរ​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​វិញ ហើយ​ចៀស​ចេញ​ពី​សេចក្តី​អាក្រក់​ទៅ

8. នោះ​នឹង​បាន​ជា​សេចក្តី​សុខ​ស្រួល​ដល់​សរសៃ​ឯង ហើយ​ជា​ធាតុ​សើម​ដល់​ឆ្អឹង​ឯង

9. ចូរ​ថ្វាយ​កិត្តិ‌នាម​ដល់​ព្រះ‌យេហូវ៉ា ដោយ​ទ្រព្យ​សម្បត្តិ ហើយ​នឹង​ផល​ដំបូង ពី​សេចក្តី​ចំរើន​របស់​ឯង​ទាំង​អម្បាលម៉ាន​ចុះ

10. យ៉ាង​នោះ អស់​ទាំង​ជង្រុក​ឯង​នឹង​បាន​ពេញ​បរិបូរ ឯ​អស់​ទាំង​ធុង​ឯង នឹង​បាន​ទឹក​ទំពាំង‌បាយ‌ជូរ​ហូរ‌ហៀរ​ផង

11. កូន​អើយ កុំ​ឲ្យ​មើល‌ងាយ​សេចក្តី​ប្រៀន​របស់​ព្រះ‌យេហូវ៉ា​ឡើយ ក៏​កុំ​ឲ្យ​ណាយ​ចិត្ត​នឹង​សេចក្តី​បន្ទោស​របស់​ទ្រង់​ដែរ

12. ដ្បិត​អ្នក​ណា​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ស្រឡាញ់ នោះ​ទ្រង់​ក៏​ស្តី​ប្រដៅ​ផង គឺ​ដូច​ជា​ឪពុក​ធ្វើ​ចំពោះ​កូន ដែល​ជា​ទី​គាប់​ចិត្ត​ដល់​ខ្លួន​ដែរ។

13. សប្បាយ​ហើយ អស់​អ្នក​ណា​ដែល​រក​បាន​ប្រាជ្ញា ហើយ​អ្នក​ណា​ដែល​ខំ​ប្រឹង ទាល់​តែ​បាន​យោបល់

14. ដ្បិត​ការ​ដែល​បាន នោះ​វិសេស​ជាង​បាន​ប្រាក់​ទៅ​ទៀត ហើយ​កំរៃ​អំពី​នោះ​មក​ក៏​ប្រសើរ​ជាង​មាស​សុទ្ធ​ផង

15. ប្រាជ្ញា​នោះ​មាន​ដំឡៃ​ជា​ជាង​ត្បូង​ទទឹម ឥត​មាន​របស់​ណា​ដែល​ចិត្ត​ឯង​ប្រាថ្នា​ចង់​បាន ដែល​នឹង​យក​ទៅ​ផ្ទឹម​ឲ្យ​ស្មើ​បាន​ឡើយ

16. មាន​អាយុ​វែង​នៅ​ដៃ​ស្តាំ ព្រម​ទាំង​ទ្រព្យ​សម្បត្តិ និង​កិត្តិសព្ទ​នៅ​ដៃ​ឆ្វេង​នៃ​ប្រាជ្ញា​នោះ

17. អស់​ទាំង​ផ្លូវ​របស់​ប្រាជ្ញា សុទ្ធ​តែ​ជា​ផ្លូវ​សោមនស្ស ហើយ​អស់​ទាំង​ផ្លូវ​ច្រក​នោះ​ក៏​ជា​សេចក្តី​សុខ​ដែរ

18. ប្រាជ្ញា​ជា​ដើម​ឈើ​នៃ​ជីវិត​ដល់​អស់​អ្នក​ណា​ដែល​ចាប់​យក​បាន ហើយ​អស់​អ្នក​ណា​ដែល​កាន់​ខ្ជាប់ ក៏​សប្បាយ​ហើយ

សុភាសិត 3