28. បើកាលណាឯងមានរបស់អ្វីនៅជិតឯង ដែលអ្នកជិតខាងត្រូវការ នោះកុំឲ្យនិយាយឡើយថា ទៅសិនចុះ ស្អែកសឹមមក នោះខ្ញុំនឹងឲ្យ
29. កុំឲ្យបង្កើតការអាក្រក់ទាស់នឹងអ្នកជិតខាងឯង ដែលអាស្រ័យនៅជិតឯងដោយសុខសាន្តនោះឡើយ
30. បើមនុស្សណាមិនបានធ្វើប្រទូស្តដល់ឯង នោះកុំឲ្យតតាំងនឹងគេដោយឥតហេតុឲ្យសោះ
31. កុំឲ្យច្រណែននឹងមនុស្សច្រឡោតឡើយ ក៏កុំឲ្យរើសយកផ្លូវប្រព្រឹត្តណាមួយរបស់គេដែរ
32. ដ្បិតមនុស្សវៀចជាទីខ្ពើមឆ្អើមដល់ព្រះយេហូវ៉ា តែឯមនុស្សទៀងត្រង់ នោះទ្រង់ជាមិត្រនឹងគេវិញ
33. សេចក្តីបណ្តាសារបស់ព្រះយេហូវ៉ា នោះនៅក្នុងផ្ទះនៃមនុស្សអាក្រក់ តែទ្រង់ប្រទានពរដល់ទីលំនៅរបស់មនុស្សសុចរិតវិញ
34. ទ្រង់តែងមើលងាយដល់ពួកអ្នកដែលមើលងាយ តែទ្រង់ផ្តល់ព្រះគុណចំពោះមនុស្សរាបសាវិញ
35. មនុស្សប្រាជ្ញនឹងគ្រងបានសិរីល្អទុកជាមរដក តែសេចក្តីអាម៉ាស់ខ្មាសនឹងបានជារង្វាន់ដល់មនុស្សឆោតល្ងង់វិញ។