11. កូនអើយ កុំឲ្យមើលងាយសេចក្តីប្រៀនរបស់ព្រះយេហូវ៉ាឡើយ ក៏កុំឲ្យណាយចិត្តនឹងសេចក្តីបន្ទោសរបស់ទ្រង់ដែរ
12. ដ្បិតអ្នកណាដែលព្រះយេហូវ៉ាទ្រង់ស្រឡាញ់ នោះទ្រង់ក៏ស្តីប្រដៅផង គឺដូចជាឪពុកធ្វើចំពោះកូន ដែលជាទីគាប់ចិត្តដល់ខ្លួនដែរ។
13. សប្បាយហើយ អស់អ្នកណាដែលរកបានប្រាជ្ញា ហើយអ្នកណាដែលខំប្រឹង ទាល់តែបានយោបល់
14. ដ្បិតការដែលបាន នោះវិសេសជាងបានប្រាក់ទៅទៀត ហើយកំរៃអំពីនោះមកក៏ប្រសើរជាងមាសសុទ្ធផង
15. ប្រាជ្ញានោះមានដំឡៃជាជាងត្បូងទទឹម ឥតមានរបស់ណាដែលចិត្តឯងប្រាថ្នាចង់បាន ដែលនឹងយកទៅផ្ទឹមឲ្យស្មើបានឡើយ
16. មានអាយុវែងនៅដៃស្តាំ ព្រមទាំងទ្រព្យសម្បត្តិ និងកិត្តិសព្ទនៅដៃឆ្វេងនៃប្រាជ្ញានោះ
17. អស់ទាំងផ្លូវរបស់ប្រាជ្ញា សុទ្ធតែជាផ្លូវសោមនស្ស ហើយអស់ទាំងផ្លូវច្រកនោះក៏ជាសេចក្តីសុខដែរ
18. ប្រាជ្ញាជាដើមឈើនៃជីវិតដល់អស់អ្នកណាដែលចាប់យកបាន ហើយអស់អ្នកណាដែលកាន់ខ្ជាប់ ក៏សប្បាយហើយ
19. ព្រះយេហូវ៉ាបានប្រតិស្ឋានផែនដី ដោយសារប្រាជ្ញា ក៏បានតាំងផ្ទៃមេឃដោយសារយោបល់ដែរ
20. ដោយសារព្រះដំរិះទ្រង់ នោះអស់ទាំងទីជំរៅបានធ្លាយចេញ ហើយពពកក៏ស្រក់ទឹកសន្សើមមក។
21. កូនអើយ កុំឲ្យសេចក្តីទាំងនេះចេញបាត់ពីភ្នែកឯងឡើយ ចូររក្សាសេចក្តីដែលមានប្រយោជន៍ និងគំនិតវាងវៃចុះ
22. ដូច្នេះសេចក្តីនោះនឹងបានជាជីវិតដល់ព្រលឹងឯង ហើយជាគ្រឿងលំអនៅកឯង
23. នោះឯងនឹងបានដើរតាមផ្លូវឯង ដោយសេចក្តីសុខ ហើយជើងឯងនឹងមិនចំពប់ឡើយ
24. កាលណាឯងដេកទៅ នោះនឹងគ្មានភ័យខ្លាចអ្វីសោះ អើ ឯងនឹងដេកទៅ ហើយលក់ស្រួល
25. កុំឲ្យនឹកខ្លាច ក្រែងលោមានហេតុភ័យកើតមកឆាប់ភ្លាមនោះឡើយ ក៏កុំឲ្យខ្លាចការហិនវិនាសរបស់មនុស្សអាក្រក់ ក្នុងកាលដែលកើតមកនោះដែរ
26. ដ្បិតព្រះយេហូវ៉ាទ្រង់នឹងបានជាទីទុកចិត្តដល់ឯង ទ្រង់នឹងរក្សាជើងឯងមិនឲ្យត្រូវជាប់ឡើយ។