5. មនុស្សអាក្រក់មិនយល់សេចក្តីយុត្តិធម៌ទេ តែពួកអ្នកដែលស្វែងរកព្រះយេហូវ៉ា គេយល់គ្រប់ទាំងអស់វិញ។
6. មនុស្សក្រីក្រដែលប្រព្រឹត្តតាមផ្លូវទៀងត្រង់របស់ខ្លួន នោះវិសេសជាងមនុស្សក្រវិចក្រវៀន ក្នុងគ្រប់ទាំងផ្លូវរបស់គេ ទោះបើជាអ្នកមានក៏ដោយ។
7. អ្នកណាដែលប្រព្រឹត្តតាមបញ្ញត្តច្បាប់ នោះជាកូនដែលមានប្រាជ្ញា តែអ្នកណាដែលភប់ប្រសព្វនឹងមនុស្សល្មោភស៊ីផឹក នោះនាំឲ្យឪពុកមានសេចក្តីខ្មាសវិញ។
8. អ្នកណាដែលចំរើនសម្បត្តិទ្រព្យខ្លួន ដោយយកការ ហើយដោយដាក់បុល នោះគឺប្រមូលទុកសំរាប់មនុស្សដែលមានចិត្តមេត្តាដល់មនុស្សទាល់ក្រទេ។
9. អ្នកណាដែលបែរត្រចៀកចេញមិនព្រមស្តាប់បញ្ញត្តច្បាប់ នោះទោះទាំងពាក្យអធិស្ឋានរបស់អ្នកនោះ ក៏ជាទីស្អប់ខ្ពើមដែរ។
10. អ្នកណាដែលនាំឲ្យមនុស្សទៀងត្រង់វង្វេងតាមផ្លូវអាក្រក់ អ្នកនោះឯងនឹងធ្លាក់ទៅក្នុងរណ្តៅដែលខ្លួនបានជីកវិញ តែមនុស្សទៀងត្រង់នឹងគ្រងបានសេចក្តីល្អជាមរដក។
11. មនុស្សអ្នកមាន គេតែងប្រកាន់ថា ខ្លួនមានប្រាជ្ញា តែមនុស្សក្រដែលមានយោបល់ នឹងស្ទង់មើល ឲ្យស្គាល់គេបាន។
12. កាលណាមនុស្សសុចរិតមានជ័យជំនះ នោះបណ្តាជនមានសេចក្តីអំណរជាខ្លាំងក្រៃលែង តែបើកាលណាមនុស្សអាក្រក់បានតាំងឡើង នោះជនទាំងឡាយនាំគ្នាពួនខ្លួនវិញ។
13. អ្នកណាដែលគ្រប់បាំងការរំលងរបស់ខ្លួន នោះនឹងមិនចំរើនឡើងទេ តែអ្នកណាដែលលន់តួ ហើយលះបង់អំពើនោះ នឹងប្រទះបានសេចក្តីមេត្តាករុណាវិញ។
14. សប្បាយហើយ អ្នកណាដែលមានចិត្តកោតខ្លាចជានិច្ច តែអ្នកណាដែលតាំងចិត្តរឹងទទឹង នោះនឹងធ្លាក់ទៅក្នុងសេចក្តីអន្តរាយវិញ។
15. មនុស្សអាក្រក់ដែលគ្រប់គ្រងលើប្រជាជនទាល់ក្រ នោះធៀបដូចជាសិង្ហដែលគ្រហឹមគំរាម ហើយដូចខ្លាឃ្មុំដែលកំពុងស្វែងរកអាហារ។
16. ចៅហ្វាយណាដែលខ្វះយោបល់ នោះតែងតែសង្កត់សង្កិនជនជាយ៉ាងខ្លាំង តែអ្នកណាដែលស្អប់សេចក្តីលោភ នោះនឹងបានចំរើនអាយុយឺនយូរវិញ។
17. ឯមនុស្សដែលមានទោសជាអ្នកកំចាយឈាមគេ នោះនឹងរត់ចុះទៅក្នុងរណ្តៅ កុំឲ្យអ្នកណាឃាត់វាឡើយ។
18. អ្នកណាដែលដើរដោយទៀងត្រង់ នោះនឹងបានប្រោសឲ្យរួច តែអ្នកណាដែលកាន់តាមផ្លូវវៀច នោះនឹងត្រូវធ្លាក់ចុះដោយឆាប់រហ័ស។
19. អ្នកណាដែលធ្វើស្រែខ្លួន នោះនឹងបានអាហារជាបរិបូរ តែអ្នកណាដែលជាប់តាមមនុស្សចោលម្សៀត នោះនឹងបានសេចក្តីកំសត់យ៉ាងឆ្អែតវិញ។
20. មនុស្សស្មោះត្រង់នឹងបានពរជាបរិបូរ តែអ្នកណាដែលប្រញាប់ប្រញាល់ឲ្យបានជាអ្នកមាន នោះនឹងមិនរួចចាកពីទោសឡើយ។