12. កាលណាមនុស្សសុចរិតមានជ័យជំនះ នោះបណ្តាជនមានសេចក្តីអំណរជាខ្លាំងក្រៃលែង តែបើកាលណាមនុស្សអាក្រក់បានតាំងឡើង នោះជនទាំងឡាយនាំគ្នាពួនខ្លួនវិញ។
13. អ្នកណាដែលគ្រប់បាំងការរំលងរបស់ខ្លួន នោះនឹងមិនចំរើនឡើងទេ តែអ្នកណាដែលលន់តួ ហើយលះបង់អំពើនោះ នឹងប្រទះបានសេចក្តីមេត្តាករុណាវិញ។
14. សប្បាយហើយ អ្នកណាដែលមានចិត្តកោតខ្លាចជានិច្ច តែអ្នកណាដែលតាំងចិត្តរឹងទទឹង នោះនឹងធ្លាក់ទៅក្នុងសេចក្តីអន្តរាយវិញ។
15. មនុស្សអាក្រក់ដែលគ្រប់គ្រងលើប្រជាជនទាល់ក្រ នោះធៀបដូចជាសិង្ហដែលគ្រហឹមគំរាម ហើយដូចខ្លាឃ្មុំដែលកំពុងស្វែងរកអាហារ។
16. ចៅហ្វាយណាដែលខ្វះយោបល់ នោះតែងតែសង្កត់សង្កិនជនជាយ៉ាងខ្លាំង តែអ្នកណាដែលស្អប់សេចក្តីលោភ នោះនឹងបានចំរើនអាយុយឺនយូរវិញ។
17. ឯមនុស្សដែលមានទោសជាអ្នកកំចាយឈាមគេ នោះនឹងរត់ចុះទៅក្នុងរណ្តៅ កុំឲ្យអ្នកណាឃាត់វាឡើយ។
18. អ្នកណាដែលដើរដោយទៀងត្រង់ នោះនឹងបានប្រោសឲ្យរួច តែអ្នកណាដែលកាន់តាមផ្លូវវៀច នោះនឹងត្រូវធ្លាក់ចុះដោយឆាប់រហ័ស។
19. អ្នកណាដែលធ្វើស្រែខ្លួន នោះនឹងបានអាហារជាបរិបូរ តែអ្នកណាដែលជាប់តាមមនុស្សចោលម្សៀត នោះនឹងបានសេចក្តីកំសត់យ៉ាងឆ្អែតវិញ។
20. មនុស្សស្មោះត្រង់នឹងបានពរជាបរិបូរ តែអ្នកណាដែលប្រញាប់ប្រញាល់ឲ្យបានជាអ្នកមាន នោះនឹងមិនរួចចាកពីទោសឡើយ។
21. ការដែលយោគយល់ខាងមនុស្សណា នោះមិនល្អទេ ហើយដែលប្រព្រឹត្តរំលងច្បាប់ឲ្យតែបានអាហារបន្តិចបន្តួច នោះក៏មិនល្អដូចគ្នា។
22. អ្នកណាដែលមានភ្នែកអាក្រក់ នោះកំពុងតែរួសរាន់ដេញតាមទ្រព្យសម្បត្តិ ឥតដឹងឡើយថា សេចក្តីខ្វះខាតនឹងតាមខ្លួនទាន់។
23. អ្នកណាដែលបន្ទោសដល់មនុស្ស នោះនៅជាន់ក្រោយនឹងមានគេរាប់អានខ្លួន ជាជាងអ្នកដែលបញ្ចើចដោយអណ្តាតទៅទៀត។
24. អ្នកណាដែលលួចយករបស់ឪពុកឬម្តាយខ្លួន រួចពោលថា មិនមែនជាបាបទេ អ្នកនោះឯងជាសំឡាញ់នឹងពួកអ្នកបំផ្លាញហើយ។
25. អ្នកណាដែលមានចិត្តធំ នោះបណ្តាលឲ្យមានសេចក្តីទាស់ទែងគ្នា ឯអ្នកណាដែលទុកចិត្តដល់ព្រះយេហូវ៉ាវិញ នោះទើបនឹងបានថ្កុំថ្កើងឡើង។