6. របួសដែលមិត្រសំឡាញ់ធ្វើដល់យើង នោះតែងធ្វើដោយស្មោះត្រង់ទេ តែឯការថើបរបស់ខ្មាំងសត្រូវ នោះជាសេចក្តីបញ្ឆោតវិញ។
7. អ្នកណាដែលឆ្អែតហើយ ទោះទាំងសំណុំឃ្មុំក៏ណាយចិត្តដែរ តែឯអ្នកណាដែលឃ្លាន ទោះទាំងរបស់ជូរល្វីងក៏ផ្អែមដល់គេវិញ។
8. មនុស្សណាដែលវង្វេងឆ្ងាយពីទីលំនៅខ្លួន នោះប្រៀបដូចជាសត្វហើរ ដែលវង្វេងឆ្ងាយពីសំបុកវាដែរ។
9. ប្រេងលាបនឹងទឹកអប់ នោះនាំឲ្យចិត្តរីករាយឡើង ឯសេចក្តីផ្អែមល្ហែម នៃសេចក្តីដាស់តឿន ដ៏អស់ពីចិត្តរបស់ភឿនមិត្រ ក៏ដូច្នោះដែរ។
10. ឯមិត្តភក្តិរបស់ខ្លួន និងមិត្តភក្តិរបស់ឪពុក នោះកុំឲ្យបោះបង់ចោលឡើយ ក៏កុំឲ្យចូលផ្ទះរបស់បងប្អូនឯងក្នុងគ្រាដែលឯងកើតមានសេចក្តីទុក្ខព្រួយដែរ អ្នកមួយដែលនៅជិតខាងខ្លួន នោះវិសេសជាងបងប្អូនដែលនៅឆ្ងាយវិញ។
11. កូនអើយ ចូរឲ្យឯងមានប្រាជ្ញាឡើង ហើយឲ្យចិត្តអញបានរីករាយចុះ ដើម្បីឲ្យអញអាចតបឆ្លើយចំពោះមនុស្សដែលដៀលត្មះដល់អញ។
12. មនុស្សដែលមានគំនិតឆ្លៀវឆ្លាត គេឃើញការអាក្រក់មក ក៏ពួនខ្លួន តែមនុស្សល្ងង់ខ្លៅ គេចេះតែដើរទៅ ហើយក៏ត្រូវមានទុក្ខ។
13. ចូរទទួលបញ្ចាំអាវរបស់អ្នកដែលធានាឲ្យមនុស្សដទៃ ហើយទទួលរបស់បញ្ចាំពីអ្នកដែលសន្យាជំនួសអ្នកក្រៅចុះ។
14. បើអ្នកណាក្រោកពីព្រលឹមស្រាង និងឲ្យពរដល់មិត្រសំឡាញ់ដោយសំឡេងខ្លាំង នោះនឹងបានរាប់ជាពាក្យជេរដល់គេវិញ។
15. ទឹកដែលស្រក់ចុះតក់ៗជានិច្ច នៅថ្ងៃភ្លៀងច្រើន ហើយស្ត្រីដែលចេះតែរករឿង នោះក៏ដូចគ្នា
16. អ្នកណាដែលចង់ឃាត់នាង នោះឃាត់តែខ្យល់ទេ ហើយដៃអ្នកនោះចាប់ក្តាប់ប្រេងប៉ុណ្ណោះ។
17. ដែករមែងសំលៀងដែក ឯមនុស្ស ក៏ធ្វើឲ្យមិត្រសំឡាញ់ខ្លួនមុតស្រួចយ៉ាងនោះដែរ។
18. អ្នកណាដែលថែទាំដើមល្វា អ្នកនោះនឹងបានផ្លែបរិភោគ ហើយអ្នកណាដែលបំរើចៅហ្វាយខ្លួនដោយល្អ នោះនឹងបានកិត្តិសព្ទ។
19. មុខឆ្លុះឃើញមុខនៅក្នុងទឹកជាយ៉ាងណា នោះចិត្តរបស់មនុស្ស ក៏ច្បាស់ដល់មនុស្សយ៉ាងនោះដែរ។
20. ស្ថានឃុំព្រលឹងមនុស្សស្លាប់ ហើយនឹងទីវិនាសនោះមិនចេះស្កប់ស្កល់ឡើយ ឯភ្នែកនៃមនុស្សក៏មិនចេះស្កប់ស្កល់ដូចគ្នាដែរ។