សុភាសិត 27:13-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

13. ចូរ​ទទួល​បញ្ចាំ​អាវ​របស់​អ្នក​ដែល​ធានា​ឲ្យ​មនុស្ស​ដទៃ ហើយ​ទទួល​របស់​បញ្ចាំ​ពី​អ្នក​ដែល​សន្យា​ជំនួស​អ្នក​ក្រៅ​ចុះ។

14. បើ​អ្នក​ណា​ក្រោក​ពី​ព្រលឹម​ស្រាង និង​ឲ្យ​ពរ​ដល់​មិត្រ​សំឡាញ់​ដោយ​សំឡេង​ខ្លាំង នោះ​នឹង​បាន​រាប់​ជា​ពាក្យ​ជេរ​ដល់​គេ​វិញ។

15. ទឹក​ដែល​ស្រក់​ចុះ​តក់ៗ​ជានិច្ច នៅ​ថ្ងៃ​ភ្លៀង​ច្រើន ហើយ​ស្ត្រី​ដែល​ចេះ​តែ​រក​រឿង នោះ​ក៏​ដូច​គ្នា

16. អ្នក​ណា​ដែល​ចង់​ឃាត់​នាង នោះ​ឃាត់​តែ​ខ្យល់​ទេ ហើយ​ដៃ​អ្នក​នោះ​ចាប់​ក្តាប់​ប្រេង​ប៉ុណ្ណោះ។

17. ដែក​រមែង​សំលៀង​ដែក ឯ​មនុស្ស ក៏​ធ្វើ​ឲ្យ​មិត្រ​សំឡាញ់​ខ្លួន​មុត​ស្រួច​យ៉ាង​នោះ​ដែរ។

18. អ្នក​ណា​ដែល​ថែ‌ទាំ​ដើម​ល្វា អ្នក​នោះ​នឹង​បាន​ផ្លែ​បរិភោគ ហើយ​អ្នក​ណា​ដែល​បំរើ​ចៅ‌ហ្វាយ​ខ្លួន​ដោយ​ល្អ នោះ​នឹង​បាន​កិត្តិសព្ទ។

19. មុខ​ឆ្លុះ​ឃើញ​មុខ​នៅ​ក្នុង​ទឹក​ជា​យ៉ាង​ណា នោះ​ចិត្ត​របស់​មនុស្ស ក៏​ច្បាស់​ដល់​មនុស្ស​យ៉ាង​នោះ​ដែរ។

20. ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ហើយ​នឹង​ទី​វិនាស​នោះ​មិន​ចេះ​ស្កប់‌ស្កល់​ឡើយ ឯ​ភ្នែក​នៃ​មនុស្ស​ក៏​មិន​ចេះ​ស្កប់‌ស្កល់​ដូច​គ្នា​ដែរ។

21. មាន​បាវ​ដី​សំរាប់​សំរង​ប្រាក់ ហើយ​មាន​ឡ​សំរាប់​មាស តែ​នឹង​ស្គាល់​មនុស្ស​បាន​ដោយ‌សារ​តែ​សេចក្តី​ដែល​គេ​សរសើរ​ពី​អ្នក​នោះ​ទេ។

22. ទោះ​បើ​នឹង​បុក​មនុស្ស​ល្ងី‌ល្ងើ​នៅ​ក្នុង​ត្បាល់​ជា​មួយ​នឹង​ស្រូវ​ក៏​ដោយ គង់​តែ​សេចក្តី​ចំកួត​របស់​វា​មិន​ព្រម​របក​ចេញ​ពី​វា​ឡើយ។

សុភាសិត 27