1. កុំឲ្យអួតខ្លួនពីថ្ងៃស្អែក ដ្បិតឯងមិនដឹងជាថ្ងៃណានឹងកើតមានការអ្វីទេ។
2. ទុកឲ្យមនុស្សឯទៀតសរសើរឯងចុះ កុំឲ្យមាត់ឯងសរសើរខ្លួនឡើយ គឺជាអ្នកដទៃ មិនមែនជាបបូរមាត់របស់ឯងឡើយ។
3. ដុំថ្មជារបស់ធ្ងន់ ហើយខ្សាច់ក៏មានទំងន់ដែរ តែសេចក្តីកំហឹងរបស់មនុស្សល្ងីល្ងើ នោះធ្ងន់ជាងទាំង២មុខនោះទៅទៀត។
4. សេចក្តីឃោរឃៅ ជាសេចក្តីដែលសាហាវណាស់ ហើយសេចក្តីកំហឹងក៏ខ្លាំងក្លាដែរ តែឯសេចក្តីប្រចណ្ឌ តើអ្នកណានឹងទប់ទល់បាន។
5. ការដែលត្រូវបន្ទោសនៅកណ្តាលជំនុំ នោះវិសេសជាងសេចក្តីស្រឡាញ់លាក់កំបាំង។
6. របួសដែលមិត្រសំឡាញ់ធ្វើដល់យើង នោះតែងធ្វើដោយស្មោះត្រង់ទេ តែឯការថើបរបស់ខ្មាំងសត្រូវ នោះជាសេចក្តីបញ្ឆោតវិញ។
7. អ្នកណាដែលឆ្អែតហើយ ទោះទាំងសំណុំឃ្មុំក៏ណាយចិត្តដែរ តែឯអ្នកណាដែលឃ្លាន ទោះទាំងរបស់ជូរល្វីងក៏ផ្អែមដល់គេវិញ។
8. មនុស្សណាដែលវង្វេងឆ្ងាយពីទីលំនៅខ្លួន នោះប្រៀបដូចជាសត្វហើរ ដែលវង្វេងឆ្ងាយពីសំបុកវាដែរ។
9. ប្រេងលាបនឹងទឹកអប់ នោះនាំឲ្យចិត្តរីករាយឡើង ឯសេចក្តីផ្អែមល្ហែម នៃសេចក្តីដាស់តឿន ដ៏អស់ពីចិត្តរបស់ភឿនមិត្រ ក៏ដូច្នោះដែរ។
10. ឯមិត្តភក្តិរបស់ខ្លួន និងមិត្តភក្តិរបស់ឪពុក នោះកុំឲ្យបោះបង់ចោលឡើយ ក៏កុំឲ្យចូលផ្ទះរបស់បងប្អូនឯងក្នុងគ្រាដែលឯងកើតមានសេចក្តីទុក្ខព្រួយដែរ អ្នកមួយដែលនៅជិតខាងខ្លួន នោះវិសេសជាងបងប្អូនដែលនៅឆ្ងាយវិញ។
11. កូនអើយ ចូរឲ្យឯងមានប្រាជ្ញាឡើង ហើយឲ្យចិត្តអញបានរីករាយចុះ ដើម្បីឲ្យអញអាចតបឆ្លើយចំពោះមនុស្សដែលដៀលត្មះដល់អញ។
12. មនុស្សដែលមានគំនិតឆ្លៀវឆ្លាត គេឃើញការអាក្រក់មក ក៏ពួនខ្លួន តែមនុស្សល្ងង់ខ្លៅ គេចេះតែដើរទៅ ហើយក៏ត្រូវមានទុក្ខ។