4. ចូរដេញយកអាចម៍ប្រាក់ចេញ នោះនឹងមានគ្រឿងចេញពីពុម្ពមកសំរាប់ជាងខាត់
5. ក៏ដកយកមនុស្សអាក្រក់ចេញពីចំពោះស្តេច នោះរាជ្យទ្រង់នឹងបានតាំងនៅខ្ជាប់ខ្ជួនក្នុងសេចក្តីសុចរិត។
6. កុំឲ្យឯងបញ្ចើខ្លួននៅចំពោះស្តេចឡើយ ក៏កុំឲ្យឈរនៅទីរបស់អ្នកធំដែរ
7. ដ្បិតបើគេមកនិយាយនឹងឯងថា អញ្ជើញឡើងមកឯណេះ នោះល្អជាជាងត្រូវបន្ទាបនៅចំពោះអ្នកធំ ដែលភ្នែកឯងបានឃើញហើយនោះវិញ។
8. កុំឲ្យឯងរហ័សនឹងចេញទៅតនឹងគេឡើយ ក្រែងដល់ចុងបំផុត កាលណាអ្នកជិតខាងបានធ្វើឲ្យឯងខ្មាសហើយ នោះឯងមិនដឹងធ្វើអ្វីទៀតទេ
9. ចូរទៅជជែករឿងរបស់ឯង ចំពោះអ្នកជិតខាង ដោយមានតែគ្នា២នាក់ប៉ុណ្ណោះ កុំឲ្យបើកការសំងាត់របស់អ្នកដទៃឡើយ
10. ក្រែងអ្នកដែលឮ គេធ្វើឲ្យឯងខ្មាសវិញ ហើយសេចក្តីអាម៉ាស់របស់ឯងនឹងមិនចេះបាត់ឡើយ។
11. ពាក្យសំដីដែលនិយាយចំពេល នោះធៀបដូចជាផ្លែសារីមាសធ្លាក់ភ្ជាប់នឹងក្បាច់ប្រាក់
12. អ្នកដែលចេះស្តីបន្ទោសដោយប្រាជ្ញា នោះក៏ដូចជាក្រវិលមាស និងគ្រឿងលំអមាសសុទ្ធ ដល់ត្រចៀកដែលព្រមស្តាប់តាមដែរ
13. អ្នកនាំសារដែលស្មោះត្រង់ នោះប្រៀបដូចជាត្រជាក់នៃហិមៈនៅរដូវចំរូត ដល់ពួកអ្នកដែលចាត់ប្រើ ដ្បិតអ្នកនោះលំហើយព្រលឹងរបស់ចៅហ្វាយខ្លួន។