20. ដ្បិតនឹងគ្មានរង្វាន់ណា ឲ្យដល់មនុស្សដែលប្រព្រឹត្តអំពើអាក្រក់ឡើយ ហើយចង្កៀងរបស់មនុស្សកោងកាច នឹងត្រូវរលត់ទៅ។
21. កូនអើយ ចូរកោតខ្លាចដល់ព្រះយេហូវ៉ា ហើយដល់ស្តេចផង កុំឲ្យឯងសេពគប់នឹងមនុស្សដែលតែងតែសាវាឡើយ
22. ដ្បិតសេចក្តីអន្តរាយនឹងលោមកលើគេភ្លាម តើអ្នកណានឹងអាចស្គាល់ការវិនាស ដែលមកពីព្រះនឹងស្តេចនោះបាន។
23. សេចក្តីទាំងនេះក៏ជាពាក្យពោលទុក របស់ពួកអ្នកប្រាជ្ញដែរ គឺថា ការដែលយោគយល់ខាងអ្នកណាក្នុងរឿងក្តី នោះមិនល្អទេ
24. អ្នកណាដែលកាត់ឲ្យមនុស្សអាក្រក់ថា ឯងសុចរិតទេ នោះបណ្តាជននឹងប្រទេចផ្តាសាដល់អ្នកនោះ ហើយអស់ទាំងសាសន៍នឹងស្អប់ខ្ពើមអ្នកនោះដែរ
25. តែឯអ្នកណាដែលបន្ទោសដល់មនុស្សអាក្រក់វិញ គេនឹងពេញចិត្តចំពោះអ្នកនោះ ហើយនឹងមានពរយ៉ាងវិសេសមកស្ថិតលើអ្នកនោះដែរ
26. អ្នកណាដែលតបឆ្លើយ ដោយពាក្យត្រឹមត្រូវ នោះគេនឹងថើបអ្នកនោះដោយបបូរមាត់។
27. ចូរត្រៀមការឯងនៅខាងក្រៅចុះ ហើយរៀបចំសំរាប់ខ្លួន នៅឯវាលជាមុនសិន ទើបសង់ផ្ទះឯងឡើងជាក្រោយ។
28. កុំឲ្យធ្វើបន្ទាល់ទាស់នឹងអ្នកជិតខាង ដោយឥតហេតុឡើយ ក៏កុំឲ្យបញ្ឆោតដោយបបូរមាត់ឯងដែរ
29. កុំឲ្យពោលដូច្នេះឡើយ ថា អញនឹងប្រព្រឹត្តដល់គេ ដូចជាគេបានប្រព្រឹត្តដល់អញដែរ អញនឹងសងដល់អ្នកនោះតាមការដែលគេបានប្រព្រឹត្តរួចហើយ។
30. យើងបានដើរក្បែរចំការរបស់មនុស្សខ្ជិលច្រអូស ហើយក្បែរដំណាំទំពាំងបាយជូររបស់មនុស្សដែលឥតមានប្រាជ្ញា
31. នោះឃើញថា មានបន្លាដុះគ្របពេញហើយ ដីនោះដេរដាសដោយព្រៃទ្រុបទ្រុល ឯកំផែងក៏រលំដែរ
32. នោះយើងបានរំពឹងមើល ហើយពិចារណាដោយល្អិត ក៏យល់ឃើញ ហើយទទួលសេចក្តីបង្រៀនថា
33. ដេកបន្តិច ងោកបន្តិច ឱបដៃ និងដេកបន្តិច
34. យ៉ាងនោះសេចក្តីកំសត់ទុគ៌តរបស់ឯង និងលោមកដល់ដូចជាចោរប្លន់ ព្រមទាំងសេចក្តីខ្វះខាត ដូចជាមនុស្សកាន់គ្រឿងអាវុធផង។