សុភាសិត 24:15-24 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. នែ មនុស្ស​អាក្រក់​អើយ កុំ​ឲ្យ​លប​ចាំ​ប្រទូស្ត​នឹង​លំនៅ​របស់​មនុស្ស​សុចរិត​ឡើយ កុំ​ឲ្យ​បំផ្លាញ​ទី​ស្នាក់​នៅ​របស់​គេ​ឲ្យ​សោះ

16. ដ្បិត​មនុស្ស​សុចរិត ទោះ​បើ​គេ​ដួល​ដល់​៧​ដង​ក៏​ដោយ គង់​តែ​នឹង​ក្រោក​ឡើង​វិញ​បាន តែ​មនុស្ស​អាក្រក់​ត្រូវ​ទំលាក់ ទៅ​ក្នុង​សេចក្តី​អន្តរាយ​វិញ។

17. កុំ​ឲ្យ​មាន​ចិត្ត​រីក‌រាយ ក្នុង​កាល​ដែល​ខ្មាំង​សត្រូវ​ឯង​ដួល​ចុះ​ឡើយ ក៏​កុំ​ឲ្យ​មាន​ចិត្ត​សប្បាយ ក្នុង​កាល​ដែល​គេ​ត្រូវ​ទំលាក់​ទៅ​ដែរ

18. ក្រែង​ព្រះ‌យេហូវ៉ា​ទ្រង់​ទត​ឃើញ ហើយ​ការ​នោះ​មិន​គាប់​ដល់​ព្រះ‌ហឫ‌ទ័យ រួច​ទ្រង់​បង្វែរ​សេចក្តី​ក្រោធ​ចេញ​ពី​អ្នក​នោះ​វិញ។

19. កុំ​ឲ្យ​ក្តៅ​ចិត្ត ដោយ​ព្រោះ​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ឡើយ ក៏​កុំ​ឲ្យ​ច្រណែន​នឹង​មនុស្ស​កោង​កាច​ដែរ

20. ដ្បិត​នឹង​គ្មាន​រង្វាន់​ណា ឲ្យ​ដល់​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ឡើយ ហើយ​ចង្កៀង​របស់​មនុស្ស​កោង​កាច នឹង​ត្រូវ​រលត់​ទៅ។

21. កូន​អើយ ចូរ​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ហើយ​ដល់​ស្តេច​ផង កុំ​ឲ្យ​ឯង​សេព‌គប់​នឹង​មនុស្ស​ដែល​តែង​តែ​សាវា​ឡើយ

22. ដ្បិត​សេចក្តី​អន្តរាយ​នឹង​លោ​មក​លើ​គេ​ភ្លាម តើ​អ្នក​ណា​នឹង​អាច​ស្គាល់​ការ​វិនាស ដែល​មក​ពី​ព្រះ​នឹង​ស្តេច​នោះ​បាន។

23. សេចក្តី​ទាំង​នេះ​ក៏​ជា​ពាក្យ​ពោល​ទុក របស់​ពួក​អ្នក​ប្រាជ្ញ​ដែរ គឺ​ថា ការ​ដែល​យោគ‌យល់​ខាង​អ្នក​ណា​ក្នុង​រឿង​ក្តី នោះ​មិន​ល្អ​ទេ

24. អ្នក​ណា​ដែល​កាត់​ឲ្យ​មនុស្ស​អាក្រក់​ថា ឯង​សុចរិត​ទេ នោះ​បណ្តា‌ជន​នឹង​ប្រទេច​ផ្តាសា​ដល់​អ្នក​នោះ ហើយ​អស់​ទាំង​សាសន៍​នឹង​ស្អប់​ខ្ពើម​អ្នក​នោះ​ដែរ

សុភាសិត 24