1. កុំឲ្យមានចិត្តច្រណែននឹងមនុស្សអាក្រក់សោះឡើយ ក៏កុំឲ្យចង់ទៅរួមនៅនឹងគេដែរ
2. ដ្បិតចិត្តគេគិតគូរតែការសង្កត់សង្កិនទទេ ហើយបបូរមាត់គេពោលតែសេចក្តីប្រទូសរ៉ាយ។
3. ការដែលសង់ផ្ទះឡើងបាន នោះក៏ដោយសារប្រាជ្ញា ហើយគឺដោយសារយោបល់ ដែលផ្ទះនោះនឹងបានតាំងនៅជាមាំមួន
4. ហើយដោយសារដំរិះ នោះបន្ទប់ទាំងឡាយបានពេញដោយគ្រប់ទាំងទ្រព្យសម្បត្តិដ៏វិសេស ជារបស់ដែលគាប់ចិត្ត។
5. មនុស្សមានប្រាជ្ញាក៏មានកំឡាំងច្រើន អើ មនុស្សដែលមានដំរិះក៏ចំរើនអំណាចខ្លួនឡើង
6. ដ្បិតដោយមានការជួយគំនិត ដែលប្រកបដោយប្រាជ្ញា នោះឯងនឹងអាចធ្វើសឹកសង្គ្រាមបាន ហើយដោយមានអ្នកប្រឹក្សាជាច្រើន នោះទើបបានជ័យជំនះ។
7. ប្រាជ្ញាជារបស់ខ្ពស់ហួសល្បត់មនុស្សល្ងីល្ងើ គេមិនបើកមាត់នៅត្រង់ទ្វារក្រុងឡើយ។
8. អ្នកណាដែលគិតគូរបង្កើតអំពើអាក្រក់ នោះនឹងបានឈ្មោះថាជាមនុស្សកោងកាច។
9. គំនិតគិតពីសេចក្តីចំកួត នោះជាអំពើបាប ហើយអ្នកដែលចំអកមើលងាយ ក៏ជាទីស្អប់ខ្ពើមដល់មនុស្សទាំងឡាយ។
10. បើឯងអន់ថយក្នុងថ្ងៃលំបាក នោះឈ្មោះថាឯងមានកំឡាំងតិចទេ។
11. ចូរជួយសង្គ្រោះពួកអ្នក ដែលគេដឹកនាំទៅឲ្យត្រូវស្លាប់ ហើយរាំងរាពួកអ្នកដែលកំពុងតែទៅឯទីសំឡាប់ចុះ
12. បើឯងថា មើល យើងមិនបានដឹងទេ ឯព្រះដែលទ្រង់ថ្លឹងមើលចិត្ត តើទ្រង់មិនពិចារណាឃើញ ហើយដែលទ្រង់ថែរក្សាព្រលឹងឯង តើមិនជ្រាបទេឬ តើទ្រង់នឹងមិនសងដល់មនុស្សទាំងឡាយតាមការដែលគេប្រព្រឹត្តទេឬអី។