12. ចូរផ្ចង់ចិត្តឯងចំពោះសេចក្តីប្រៀនប្រដៅ ហើយផ្ទៀងត្រចៀកចំពោះពាក្យដែលប្រកបដោយដំរិះចុះ។
13. កុំឲ្យខាននឹងវាយប្រដៅកូនឡើយ ដ្បិតបើវាយនឹងរំពាត់ គង់តែមិនស្លាប់ដែរ
14. គឺឯងនឹងគ្រាន់តែវាយដោយរំពាត់ប៉ុណ្ណោះ ហើយយ៉ាងនោះ នឹងជួយព្រលឹងវាឲ្យរួចពីស្ថានឃុំព្រលឹងមនុស្សស្លាប់។
15. កូនអើយ បើចិត្តឯងប្រកបដោយប្រាជ្ញា នោះចិត្តអញនឹងមានសេចក្តីអំណរ គឺចិត្តរបស់ឪពុកនេះឯង
16. អើចិត្តថ្លើមអញនឹងរីករាយឡើង ក្នុងកាលដែលបបូរមាត់ឯងពោលសេចក្តីដែលត្រឹមត្រូវ។
17. កុំបើកឲ្យចិត្តច្រណែននឹងមនុស្សមានបាបឡើយ ចូរឲ្យឯងប្រកបដោយសេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ាជាដរាបរាល់ថ្ងៃ
18. ដ្បិតនឹងមានរង្វាន់ជាមិនខាន ហើយសេចក្តីសង្ឃឹមរបស់ឯងនឹងមិនកាត់បង់ឡើយ។
19. កូនអើយ ចូរប្រុងស្តាប់ ហើយមានប្រាជ្ញាចុះ ត្រូវឲ្យដំរង់ចិត្តទៅតាមផ្លូវ
20. កុំឲ្យនៅកណ្តាលពួកអ្នកប្រមឹកស្រា ឬក្នុងពួកល្មោភស៊ីឡើយ
21. ដ្បិតមនុស្សប្រមឹក និងមនុស្សល្មោភនឹងទៅជាក្រ ហើយសេចក្តីងុយងោកនឹងនាំឲ្យស្លៀកពាក់កណ្តាច។
22. ចូរស្តាប់តាមឪពុកដែលបង្កើតឯងមក ហើយកុំឲ្យមើលងាយម្តាយឯងក្នុងកាលដែលគាត់ចាស់ឡើយ។
23. ចូរទិញសេចក្តីពិតចុះ កុំឲ្យលក់ចេញឡើយ អើទាំងប្រាជ្ញា សេចក្តីដំបូន្មាន និងយោបល់ផង។
24. ឪពុកនៃមនុស្សសុចរិត នឹងមានចិត្តរីករាយយ៉ាងខ្លាំង ហើយអ្នកណាដែលបង្កើតកូនមានប្រាជ្ញា នោះនឹងមានសេចក្តីអំណរដោយសារកូននោះ
25. ដូច្នេះ ចូរបើកឱកាសឲ្យឪពុកម្តាយឯងបានរីករាយចុះ ហើយឲ្យអ្នកដែលសំរាលឯងមកនោះមានចិត្តសប្បាយផង។
26. កូនអើយ ចូរប្រគល់ចិត្តឯងមកអញចុះ ហើយឲ្យភ្នែកឯងពេញចិត្តនឹងអស់ទាំងផ្លូវរបស់អញដែរ
27. ដ្បិតស្រីសំផឹងជារណ្តៅយ៉ាងជ្រៅ ហើយស្រីដទៃជារំលុងដ៏ចង្អៀត
28. អើ គេលបចាំដូចជាចោរ ហើយក៏ចំរើនអ្នកក្បត់នៅក្នុងពួកមនុស្សលោក។
29. តើអ្នកណាមានសេចក្តីពិបាកចិត្ត តើអ្នកណាកើតទុក្ខព្រួយ តើអ្នកណាមានសេចក្តីទាស់ទែងគ្នា តើអ្នកណាត្អូញត្អែរ តើអ្នកណាត្រូវរបួសឥតហេតុ តើអ្នកណាមានភ្នែកក្រហម
30. គឺជាពួកអ្នកដែលអង្គុយផឹកស្រាជាយូរ ឯពួកអ្នកដែលស្វែងរកស្រាលាយនោះឯង
31. កុំឲ្យមើលស្រាទំពាំងបាយជូរ ក្នុងកាលដែលមានពណ៌ក្រហម គឺក្នុងកាលដែលព្រួចពពុះនៅក្នុងកែវ ហើយហូរចុះទៅដោយស្រួលនោះឡើយ
32. ដ្បិតដល់ចុងបំផុតនឹងចឹកដូចជាពស់វិញ ហើយអុចដូចជាពស់ហនុមានផង