11. ដ្បិតអ្នកដែលលោះគេ នោះមានកំឡាំងខ្លាំង ក៏នឹងកាន់ក្តីគេ ទាស់នឹងឯងដែរ។
12. ចូរផ្ចង់ចិត្តឯងចំពោះសេចក្តីប្រៀនប្រដៅ ហើយផ្ទៀងត្រចៀកចំពោះពាក្យដែលប្រកបដោយដំរិះចុះ។
13. កុំឲ្យខាននឹងវាយប្រដៅកូនឡើយ ដ្បិតបើវាយនឹងរំពាត់ គង់តែមិនស្លាប់ដែរ
14. គឺឯងនឹងគ្រាន់តែវាយដោយរំពាត់ប៉ុណ្ណោះ ហើយយ៉ាងនោះ នឹងជួយព្រលឹងវាឲ្យរួចពីស្ថានឃុំព្រលឹងមនុស្សស្លាប់។
15. កូនអើយ បើចិត្តឯងប្រកបដោយប្រាជ្ញា នោះចិត្តអញនឹងមានសេចក្តីអំណរ គឺចិត្តរបស់ឪពុកនេះឯង
16. អើចិត្តថ្លើមអញនឹងរីករាយឡើង ក្នុងកាលដែលបបូរមាត់ឯងពោលសេចក្តីដែលត្រឹមត្រូវ។
17. កុំបើកឲ្យចិត្តច្រណែននឹងមនុស្សមានបាបឡើយ ចូរឲ្យឯងប្រកបដោយសេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ាជាដរាបរាល់ថ្ងៃ
18. ដ្បិតនឹងមានរង្វាន់ជាមិនខាន ហើយសេចក្តីសង្ឃឹមរបស់ឯងនឹងមិនកាត់បង់ឡើយ។
19. កូនអើយ ចូរប្រុងស្តាប់ ហើយមានប្រាជ្ញាចុះ ត្រូវឲ្យដំរង់ចិត្តទៅតាមផ្លូវ
20. កុំឲ្យនៅកណ្តាលពួកអ្នកប្រមឹកស្រា ឬក្នុងពួកល្មោភស៊ីឡើយ
21. ដ្បិតមនុស្សប្រមឹក និងមនុស្សល្មោភនឹងទៅជាក្រ ហើយសេចក្តីងុយងោកនឹងនាំឲ្យស្លៀកពាក់កណ្តាច។
22. ចូរស្តាប់តាមឪពុកដែលបង្កើតឯងមក ហើយកុំឲ្យមើលងាយម្តាយឯងក្នុងកាលដែលគាត់ចាស់ឡើយ។
23. ចូរទិញសេចក្តីពិតចុះ កុំឲ្យលក់ចេញឡើយ អើទាំងប្រាជ្ញា សេចក្តីដំបូន្មាន និងយោបល់ផង។
24. ឪពុកនៃមនុស្សសុចរិត នឹងមានចិត្តរីករាយយ៉ាងខ្លាំង ហើយអ្នកណាដែលបង្កើតកូនមានប្រាជ្ញា នោះនឹងមានសេចក្តីអំណរដោយសារកូននោះ