2. ពួកអ្នកមាន និងពួកអ្នកក្រតែងតែប្រទះគ្នា គឺព្រះយេហូវ៉ាដែលទ្រង់បង្កើតគេគ្រប់គ្នា។
3. មនុស្សដែលមានគំនិតឆ្លៀវឆ្លាត គេឃើញសេចក្តីអាក្រក់មក ក៏ពួនខ្លួនទៅ តែមនុស្សខ្លៅល្ងង់គេចេះតែដើរទៅ ហើយត្រូវមានទុក្ខ។
4. ផលនៃសេចក្តីសុភាព និងសេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ា នោះគឺជាទ្រព្យសម្បត្តិ កិត្តិសព្ទ និងជីវិត។
5. នៅក្នុងផ្លូវរបស់មនុស្សវៀច នោះមានសុទ្ធតែបន្លា ហើយនឹងអន្ទាក់ អ្នកដែលរក្សាព្រលឹងខ្លួន នឹងចៀសឆ្ងាយពីនោះចេញ។
6. ចូរបង្ហាត់កូនក្មេង ឲ្យប្រព្រឹត្តតាមផ្លូវដែលគួរប្រព្រឹត្តនោះវានឹងមិនលះបង់ពីផ្លូវនោះដរាបដល់ចាស់។
7. មនុស្សអ្នកមានគេគ្រប់គ្រងលើពួកអ្នកក្រ ហើយអ្នកណាដែលខ្ចីគេ ជាបាវបំរើដល់អ្នកដែលឲ្យខ្ចីនោះ។
8. អ្នកណាដែលសាបព្រោះសេចក្តីទុច្ចរិត នោះនឹងច្រូតបានសេចក្តីទុក្ខព្រួយ ហើយដំបងនៃសេចក្តីកំហឹងរបស់អ្នកនោះនឹងសាបសូន្យទៅ។
9. អ្នកណាដែលមើលគេដោយចិត្តល្អ នោះនឹងបានពរ ដ្បិតអ្នកនោះរមែងចែកអាហារខ្លួនដល់មនុស្សទាល់ក្រ។
10. ចូរបណ្តេញមនុស្សដែលចំអកមើលងាយ នោះសេចក្តីទាស់ទែងគ្នានឹងបាត់ទៅ អើ សេចក្តីឈ្លោះប្រកែកនឹងសេចក្តីត្មះតិះដៀលនឹងស្ងប់ទៅដែរ។
11. ឯអ្នកណាដែលស្រឡាញ់សេចក្តីបរិសុទ្ធខាងចិត្ត ហើយមានបបូរមាត់ប្រកបដោយគុណដ៏ល្អ នោះស្តេចនឹងបានជាមិត្រសំឡាញ់របស់អ្នកនោះ។
12. ព្រះនេត្រនៃព្រះយេហូវ៉ារក្សាទុកនូវដំរិះ តែទ្រង់បំផ្លាញពាក្យសំដីរបស់មនុស្សក្បត់វិញ។
13. មនុស្សខ្ជិលច្រអូសគេថា មានសិង្ហ១នៅខាងក្រៅហើយ បើខ្ញុំចេញទៅ នោះវានឹងសំឡាប់ខ្ញុំនៅនាកណ្តាលផ្លូវ។
14. មាត់របស់ស្រីដទៃជារណ្តៅយ៉ាងជ្រៅ អ្នកណាដែលជាទីស្អប់ខ្ពើមចំពោះព្រះយេហូវ៉ា នឹងធ្លាក់ទៅក្នុងរណ្តៅនោះ។
15. សេចក្តីចំកួត រមែងនៅជាប់ក្នុងចិត្តរបស់កូនក្មេង ប៉ុន្តែរំពាត់វាយផ្ចាល នឹងបណ្តេញសេចក្តីនោះ ឲ្យបាត់ចេញបាន។