13. មនុស្សខ្ជិលច្រអូសគេថា មានសិង្ហ១នៅខាងក្រៅហើយ បើខ្ញុំចេញទៅ នោះវានឹងសំឡាប់ខ្ញុំនៅនាកណ្តាលផ្លូវ។
14. មាត់របស់ស្រីដទៃជារណ្តៅយ៉ាងជ្រៅ អ្នកណាដែលជាទីស្អប់ខ្ពើមចំពោះព្រះយេហូវ៉ា នឹងធ្លាក់ទៅក្នុងរណ្តៅនោះ។
15. សេចក្តីចំកួត រមែងនៅជាប់ក្នុងចិត្តរបស់កូនក្មេង ប៉ុន្តែរំពាត់វាយផ្ចាល នឹងបណ្តេញសេចក្តីនោះ ឲ្យបាត់ចេញបាន។
16. អ្នកដែលសង្កត់សង្កិនមនុស្សទាល់ក្រ ដើម្បីនឹងចំរើនទ្រព្យសម្បត្តិខ្លួនឡើង ហើយអ្នកណាដែលជូនជំនូនដល់អ្នកមាន នោះនឹងត្រឡប់ជាខ្វះខាតវិញ។
17. ចូរផ្ទៀងត្រចៀក ស្តាប់ពាក្យសំដីនៃមនុស្សដែលមានប្រាជ្ញា ហើយផ្ចង់ចិត្តចំពោះដំរិះរបស់អញចុះ
18. ដ្បិតបើឯងរក្សាទុកសេចក្តីនោះនៅក្នុងខ្លួន នោះសប្បាយហើយ គឺបើសេចក្តីនោះស្ថិតនៅជាប់នឹងបបូរមាត់ឯង
19. អញបានសំដែងឲ្យឯងដឹងសេចក្តីនោះនៅថ្ងៃនេះហើយ ដើម្បីឲ្យឯងបានទុកចិត្តដល់ព្រះយេហូវ៉ា
20. អញបានកំណត់ទុកសេចក្តីដ៏វិសេសសំរាប់ឯង គឺជាសេចក្តីទូន្មាន ហើយនឹងដំរិះមិនមែនឬ
21. ប្រយោជន៍ឲ្យឯងបានដឹងថា ពាក្យដ៏ពិតទាំងប៉ុន្មានគួរទុកជាប្រាកដហើយ ដើម្បីឲ្យឯងបាននាំពាក្យដ៏ពិតនោះ ត្រឡប់ទៅជាជូនពួកអ្នក ដែលចាត់ឯងមក។
22. កុំឲ្យកេងយករបស់នៃមនុស្សក្រ ដោយព្រោះតែគេក្រឡើយ ក៏កុំឲ្យសង្កត់សង្កិនមនុស្សវេទនានៅត្រង់ទ្វារក្រុងដែរ
23. ដ្បិតព្រះយេហូវ៉ាទ្រង់នឹងជួយកាន់ក្តីជំនួសអ្នកនោះ ហើយទ្រង់នឹងរឹបយកជីវិតពួកអ្នកដែលរឹបយករបស់គេដែរ។
24. កុំឲ្យចងជាមិត្រនឹងមនុស្សណាដែលអាសាខឹងឡើយ ក៏កុំឲ្យភប់ប្រសព្វនឹងមនុស្សមួម៉ៅដែរ
25. ក្រែងឯងទំលាប់តាមអំពើរបស់គេ ហើយគេត្រឡប់ជាអន្ទាក់ដល់ព្រលឹងឯង។
26. កុំឲ្យឯងចូលក្នុងពួកអ្នកដែលចាប់ដៃគ្នា ឬជាមួយនឹងមនុស្សដែលធានាបំណុលឲ្យគេឡើយ
27. បើឯងគ្មានអ្វីនឹងសងគេ នោះចង់ឲ្យគេមកកន្ត្រាក់យកគ្រែពីក្រោមឯងទៅធ្វើអី។