11. ឯអ្នកណាដែលស្រឡាញ់សេចក្តីបរិសុទ្ធខាងចិត្ត ហើយមានបបូរមាត់ប្រកបដោយគុណដ៏ល្អ នោះស្តេចនឹងបានជាមិត្រសំឡាញ់របស់អ្នកនោះ។
12. ព្រះនេត្រនៃព្រះយេហូវ៉ារក្សាទុកនូវដំរិះ តែទ្រង់បំផ្លាញពាក្យសំដីរបស់មនុស្សក្បត់វិញ។
13. មនុស្សខ្ជិលច្រអូសគេថា មានសិង្ហ១នៅខាងក្រៅហើយ បើខ្ញុំចេញទៅ នោះវានឹងសំឡាប់ខ្ញុំនៅនាកណ្តាលផ្លូវ។
14. មាត់របស់ស្រីដទៃជារណ្តៅយ៉ាងជ្រៅ អ្នកណាដែលជាទីស្អប់ខ្ពើមចំពោះព្រះយេហូវ៉ា នឹងធ្លាក់ទៅក្នុងរណ្តៅនោះ។
15. សេចក្តីចំកួត រមែងនៅជាប់ក្នុងចិត្តរបស់កូនក្មេង ប៉ុន្តែរំពាត់វាយផ្ចាល នឹងបណ្តេញសេចក្តីនោះ ឲ្យបាត់ចេញបាន។
16. អ្នកដែលសង្កត់សង្កិនមនុស្សទាល់ក្រ ដើម្បីនឹងចំរើនទ្រព្យសម្បត្តិខ្លួនឡើង ហើយអ្នកណាដែលជូនជំនូនដល់អ្នកមាន នោះនឹងត្រឡប់ជាខ្វះខាតវិញ។
17. ចូរផ្ទៀងត្រចៀក ស្តាប់ពាក្យសំដីនៃមនុស្សដែលមានប្រាជ្ញា ហើយផ្ចង់ចិត្តចំពោះដំរិះរបស់អញចុះ
18. ដ្បិតបើឯងរក្សាទុកសេចក្តីនោះនៅក្នុងខ្លួន នោះសប្បាយហើយ គឺបើសេចក្តីនោះស្ថិតនៅជាប់នឹងបបូរមាត់ឯង
19. អញបានសំដែងឲ្យឯងដឹងសេចក្តីនោះនៅថ្ងៃនេះហើយ ដើម្បីឲ្យឯងបានទុកចិត្តដល់ព្រះយេហូវ៉ា
20. អញបានកំណត់ទុកសេចក្តីដ៏វិសេសសំរាប់ឯង គឺជាសេចក្តីទូន្មាន ហើយនឹងដំរិះមិនមែនឬ
21. ប្រយោជន៍ឲ្យឯងបានដឹងថា ពាក្យដ៏ពិតទាំងប៉ុន្មានគួរទុកជាប្រាកដហើយ ដើម្បីឲ្យឯងបាននាំពាក្យដ៏ពិតនោះ ត្រឡប់ទៅជាជូនពួកអ្នក ដែលចាត់ឯងមក។