7. សេចក្តីច្រឡោតរបស់មនុស្សអាក្រក់នឹងបោសខ្លួនគេចេញទៅ ដោយព្រោះគេមិនព្រមប្រព្រឹត្តតាមសេចក្តីយុត្តិធម៌សោះ។
8. ផ្លូវរបស់មនុស្សណា ដែលផ្ទុកដោយទោសច្រើននោះជាផ្លូវវៀចណាស់ តែចំណែកមនុស្សសុចរិតវិញ ការដែលគេប្រព្រឹត្តសុទ្ធតែទៀងត្រង់។
9. ស៊ូនៅក្នុងទីកៀន១នៅលើដំបូលផ្ទះ ជាជាងនៅក្នុងផ្ទះធំទូលាយជាមួយនឹងស្ត្រីដែលចេះតែរករឿងវិញ។
10. ព្រលឹងនៃមនុស្សអាក្រក់ប្រាថ្នាតែការអាក្រក់ ទោះទាំងអ្នកជិតខាងក៏មិនប្រកបដោយគុណអ្នកនោះដែរ។
11. កាលមនុស្សចំអកមើលងាយ ត្រូវទោសហើយនោះមនុស្សខ្លៅល្ងង់ក៏មានប្រាជ្ញាឡើង ហើយកាលណាមនុស្សមានប្រាជ្ញាបានទទួលសេចក្តីប្រៀនប្រដៅ នោះក៏មានចំណេះឡើងដែរ។
12. មនុស្សសុចរិតរមែងពិចារណាមើលវង្សនៃមនុស្សអាក្រក់ ឃើញថា គេត្រូវរំលំឲ្យវិនាសបាត់ទៅ។
13. អ្នកណាដែលចុកត្រចៀកមិនស្តាប់ពាក្យអំពាវនាវរបស់មនុស្សទាល់ក្រ អ្នកនោះឯងនឹងត្រូវអំពាវនាវដែរ តែមិនមានអ្នកណាស្តាប់ឡើយ។
14. អំណោយដែលឲ្យដោយស្ងាត់កំបាំង នោះរមែងរំងាប់សេចក្តីកំហឹង ហើយជំនូនដែលជូនដោយលួចលាក់ក៏បំបាត់សេចក្តីឃោរឃៅដែរ។
15. ការដែលប្រព្រឹត្តដោយយុត្តិធម៌ នោះជាសេចក្តីអំណរដល់មនុស្សសុចរិត តែនោះជាសេចក្តីវិនាសដល់មនុស្សដែលប្រព្រឹត្តទុច្ចរិតវិញ។
16. មនុស្សណាដែលវង្វេងចេញពីផ្លូវនៃប្រាជ្ញា នោះនឹងសំរាកនៅក្នុងចំណោមមនុស្សស្លាប់ហើយ។