2. គ្រប់ទាំងផ្លូវរបស់មនុស្ស សុទ្ធតែត្រឹមត្រូវនៅភ្នែកខ្លួន តែព្រះយេហូវ៉ាទ្រង់ថ្លឹងចិត្តវិញ។
3. ការដែលប្រព្រឹត្តតាមសេចក្តីសុចរិត និងសេចក្តីយុត្តិធម៌ នោះជាទីគាប់ព្រះហឫទ័យដល់ព្រះយេហូវ៉ា ជាជាងយញ្ញបូជាទៅទៀត។
4. ឫកខ្ពស់នឹងចិត្តអំនួត គឺចង្កៀងរបស់មនុស្សអាក្រក់នោះហៅថាជាអំពើបាបទាំងអស់។
5. គំនិតរបស់មនុស្សឧស្សាហ៍ នោះនាំឲ្យបានបរិបូរឡើងតែម្យ៉ាង តែអស់អ្នកណាដែលមានចិត្តរលះរលាំងនោះនឹងបានតែសេចក្តីខ្វះខាតវិញ។
6. ការដែលប្រមូលទ្រព្យសម្បត្តិ ដោយសារអណ្តាតភូតភរ នោះជាចំហាយទឹកទទេ ដែលផាត់ទៅមក ដោយពួកអ្នកដែលរកស្លាប់។
7. សេចក្តីច្រឡោតរបស់មនុស្សអាក្រក់នឹងបោសខ្លួនគេចេញទៅ ដោយព្រោះគេមិនព្រមប្រព្រឹត្តតាមសេចក្តីយុត្តិធម៌សោះ។
8. ផ្លូវរបស់មនុស្សណា ដែលផ្ទុកដោយទោសច្រើននោះជាផ្លូវវៀចណាស់ តែចំណែកមនុស្សសុចរិតវិញ ការដែលគេប្រព្រឹត្តសុទ្ធតែទៀងត្រង់។
9. ស៊ូនៅក្នុងទីកៀន១នៅលើដំបូលផ្ទះ ជាជាងនៅក្នុងផ្ទះធំទូលាយជាមួយនឹងស្ត្រីដែលចេះតែរករឿងវិញ។
10. ព្រលឹងនៃមនុស្សអាក្រក់ប្រាថ្នាតែការអាក្រក់ ទោះទាំងអ្នកជិតខាងក៏មិនប្រកបដោយគុណអ្នកនោះដែរ។
11. កាលមនុស្សចំអកមើលងាយ ត្រូវទោសហើយនោះមនុស្សខ្លៅល្ងង់ក៏មានប្រាជ្ញាឡើង ហើយកាលណាមនុស្សមានប្រាជ្ញាបានទទួលសេចក្តីប្រៀនប្រដៅ នោះក៏មានចំណេះឡើងដែរ។
12. មនុស្សសុចរិតរមែងពិចារណាមើលវង្សនៃមនុស្សអាក្រក់ ឃើញថា គេត្រូវរំលំឲ្យវិនាសបាត់ទៅ។
13. អ្នកណាដែលចុកត្រចៀកមិនស្តាប់ពាក្យអំពាវនាវរបស់មនុស្សទាល់ក្រ អ្នកនោះឯងនឹងត្រូវអំពាវនាវដែរ តែមិនមានអ្នកណាស្តាប់ឡើយ។
14. អំណោយដែលឲ្យដោយស្ងាត់កំបាំង នោះរមែងរំងាប់សេចក្តីកំហឹង ហើយជំនូនដែលជូនដោយលួចលាក់ក៏បំបាត់សេចក្តីឃោរឃៅដែរ។
15. ការដែលប្រព្រឹត្តដោយយុត្តិធម៌ នោះជាសេចក្តីអំណរដល់មនុស្សសុចរិត តែនោះជាសេចក្តីវិនាសដល់មនុស្សដែលប្រព្រឹត្តទុច្ចរិតវិញ។
16. មនុស្សណាដែលវង្វេងចេញពីផ្លូវនៃប្រាជ្ញា នោះនឹងសំរាកនៅក្នុងចំណោមមនុស្សស្លាប់ហើយ។
17. ឯអ្នកណា ដែលចូលចិត្តតែនឹងការលេងសប្បាយ នោះនឹងត្រូវជាមនុស្សទាល់ក្រទៅ អ្នកណាដែលចូលចិត្តតែស្រា ហើយនឹងប្រេង នោះមិនដែលទៅជាអ្នកមានទេ។
18. មនុស្សអាក្រក់គេសំរាប់ជាថ្លៃលោះមនុស្សសុចរិត ហើយមនុស្សក្បត់ក៏ជំនួសមនុស្សទៀងត្រង់ដែរ។
19. ស៊ូអាស្រ័យនៅក្នុងទីសូន្យស្ងាត់ ជាជាងនៅជាមួយនឹងស្ត្រីដែលចេះតែរករឿង ហើយអុចអាលវិញ។
20. មានទ្រព្យវិសេស និងប្រេង នៅក្នុងទីលំនៅរបស់មនុស្សមានប្រាជ្ញា តែមនុស្សល្ងីល្ងើរមែងលេបបង្ហិនទាំងអស់ទៅ។
21. អ្នកណាដែលប្រព្រឹត្តតាមសេចក្តីសុចរិត និងសេចក្តីសប្បុរស នោះរមែងបានជីវិត សេចក្តីសុចរិត និងកិត្តិសព្ទ។
22. ឯមនុស្សមានប្រាជ្ញា គេឡើងចូលក្នុងទីក្រុងរបស់មនុស្សខ្លាំងពូកែ ហើយនឹងនាំឲ្យកំឡាំងដែលគេពឹងពាក់ធ្លាក់ចុះវិញ។