10. ព្រលឹងនៃមនុស្សអាក្រក់ប្រាថ្នាតែការអាក្រក់ ទោះទាំងអ្នកជិតខាងក៏មិនប្រកបដោយគុណអ្នកនោះដែរ។
11. កាលមនុស្សចំអកមើលងាយ ត្រូវទោសហើយនោះមនុស្សខ្លៅល្ងង់ក៏មានប្រាជ្ញាឡើង ហើយកាលណាមនុស្សមានប្រាជ្ញាបានទទួលសេចក្តីប្រៀនប្រដៅ នោះក៏មានចំណេះឡើងដែរ។
12. មនុស្សសុចរិតរមែងពិចារណាមើលវង្សនៃមនុស្សអាក្រក់ ឃើញថា គេត្រូវរំលំឲ្យវិនាសបាត់ទៅ។
13. អ្នកណាដែលចុកត្រចៀកមិនស្តាប់ពាក្យអំពាវនាវរបស់មនុស្សទាល់ក្រ អ្នកនោះឯងនឹងត្រូវអំពាវនាវដែរ តែមិនមានអ្នកណាស្តាប់ឡើយ។
14. អំណោយដែលឲ្យដោយស្ងាត់កំបាំង នោះរមែងរំងាប់សេចក្តីកំហឹង ហើយជំនូនដែលជូនដោយលួចលាក់ក៏បំបាត់សេចក្តីឃោរឃៅដែរ។
15. ការដែលប្រព្រឹត្តដោយយុត្តិធម៌ នោះជាសេចក្តីអំណរដល់មនុស្សសុចរិត តែនោះជាសេចក្តីវិនាសដល់មនុស្សដែលប្រព្រឹត្តទុច្ចរិតវិញ។
16. មនុស្សណាដែលវង្វេងចេញពីផ្លូវនៃប្រាជ្ញា នោះនឹងសំរាកនៅក្នុងចំណោមមនុស្សស្លាប់ហើយ។
17. ឯអ្នកណា ដែលចូលចិត្តតែនឹងការលេងសប្បាយ នោះនឹងត្រូវជាមនុស្សទាល់ក្រទៅ អ្នកណាដែលចូលចិត្តតែស្រា ហើយនឹងប្រេង នោះមិនដែលទៅជាអ្នកមានទេ។
18. មនុស្សអាក្រក់គេសំរាប់ជាថ្លៃលោះមនុស្សសុចរិត ហើយមនុស្សក្បត់ក៏ជំនួសមនុស្សទៀងត្រង់ដែរ។
19. ស៊ូអាស្រ័យនៅក្នុងទីសូន្យស្ងាត់ ជាជាងនៅជាមួយនឹងស្ត្រីដែលចេះតែរករឿង ហើយអុចអាលវិញ។
20. មានទ្រព្យវិសេស និងប្រេង នៅក្នុងទីលំនៅរបស់មនុស្សមានប្រាជ្ញា តែមនុស្សល្ងីល្ងើរមែងលេបបង្ហិនទាំងអស់ទៅ។
21. អ្នកណាដែលប្រព្រឹត្តតាមសេចក្តីសុចរិត និងសេចក្តីសប្បុរស នោះរមែងបានជីវិត សេចក្តីសុចរិត និងកិត្តិសព្ទ។