1. ឯស្រាទំពាំងបាយជូរ ជារបស់បញ្ឆោតមើលងាយ ហើយគ្រឿងស្រវឹងបង្កើតការឡូឡា អ្នកណាដែលវង្វេងដោយគ្រឿងទាំង២នោះ ឈ្មោះថាគ្មានប្រាជ្ញា។
2. សេចក្តីស្ញែងខ្លាចរបស់ស្តេច នោះប្រៀបដូចជាសំឡេងគ្រហឹមនៃសិង្ហ អ្នកណាដែលបណ្តាលឲ្យទ្រង់ខ្ញាល់ឡើង នោះឈ្មោះថាធ្វើបាបដល់ជីវិតខ្លួនហើយ។
3. អ្នកណាដែលមិនព្រមបៀតខ្លួន ក្នុងការឈ្លោះប្រកែកគ្នា នោះជាកិត្តិសព្ទដល់ខ្លួនហើយ ប៉ុន្តែគ្រប់ទាំងមនុស្សល្ងីល្ងើគេចេះតែរករឿងវិញ។
4. មនុស្សខ្ជិលច្រអូសមិនព្រមភ្ជួររាស់ ដោយព្រោះនៅរងានៅឡើយ ដូច្នេះ គេនឹងត្រូវសុំទានក្នុងរដូវចំរូត ហើយខ្វះខាតវិញ។
5. សេចក្តីដំបូន្មាននៅក្នុងចិត្តមនុស្ស នោះធៀបដូចជាអណ្តូងដ៏ជ្រៅ តែមនុស្សដែលមានយោបល់ គេនឹងដងឡើងបាន។
6. មនុស្សស្ទើរតែទាំងអស់ សុទ្ធតែជាអ្នកប្រកាសគុណរបស់ខ្លួន តើអ្នកណានឹងរកមនុស្សទៀងត្រង់ សូម្បីតែម្នាក់បាន។
7. មនុស្សសុចរិត គេដើរតាមផ្លូវទៀងត្រង់របស់ខ្លួនកូនចៅរបស់អ្នកនោះមានពរតរៀងទៅ។
8. កាលណាស្តេចឡើងគង់នៅទីវិនិច្ឆ័យ នោះទ្រង់កំចាត់អស់ទាំងអំពើអាក្រក់ ដោយសារព្រះនេត្រទ្រង់។
9. តើអ្នកណាអាចនឹងនិយាយបានថា ខ្ញុំបានជំរះចិត្តខ្ញុំឲ្យស្អាត ខ្ញុំបានបរិសុទ្ធរួចពីបាបរបស់ខ្ញុំហើយ។
10. កូនជញ្ជីងឆផ្សេងៗ ហើយរង្វាល់កោងផ្សេងៗទាំង២យ៉ាងនោះជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា។
11. សូម្បីតែកូនក្មេងក៏សំដែងខ្លួន ដោយសារកិរិយាប្រព្រឹត្តរបស់វាដែរ ឲ្យដឹងជាកិរិយានោះបរិសុទ្ធ ហើយត្រឹមត្រូវឬយ៉ាងណា។
12. ការស្តាប់ឮដោយត្រចៀក ហើយមើលឃើញដោយភ្នែក នោះគឺព្រះយេហូវ៉ាដែលបង្កើតទាំង២យ៉ាង។
13. កុំឲ្យល្មោភដេក ក្រែងលោត្រឡប់ជាទាល់ក្រ ចូរបើកភ្នែកឡើង នោះនឹងបានអាហារឆ្អែត។
14. អ្នកដែលទិញរមែងថា របស់នេះអាក្រក់ អាក្រក់ណាស់ តែកាលណាដើរហួសទៅ នោះក៏អួតខ្លួនវិញ។