16. អ្នកណាដែលកាន់តាមក្រឹត្យវិន័យ នោះឈ្មោះថារក្សាព្រលឹងខ្លួន តែអ្នកណាដែលមិនប្រយ័ត្ននឹងផ្លូវប្រព្រឹត្តរបស់ខ្លួន នោះនឹងត្រូវស្លាប់វិញ។
17. អ្នកណាដែលមានចិត្តអាណិត ចែកដល់ពួកទាល់ក្រ នោះឈ្មោះថាថ្វាយឲ្យព្រះយេហូវ៉ាខ្ចី ទ្រង់នឹងតបស្នងសងគុណអ្នកនោះវិញ។
18. ចូរវាយផ្ចាលកូន ក្នុងកាលដែលនៅមានសង្ឃឹមឲ្យវារាងចាលនៅឡើយ មិនគួរនឹងលើកលែងចោលវាឲ្យត្រូវវិនាសទេ។
19. អ្នកណាដែលមានចិត្តក្រោធជាខ្លាំង នោះនឹងត្រូវរងទោស ដ្បិតបើឯងជួយវាឲ្យរួច នោះនឹងត្រូវជួយតទៅទៀត។
20. ចូរស្តាប់សេចក្តីដំបូន្មាន ហើយទទួលសេចក្តីប្រៀនប្រដៅចុះ ដើម្បីឲ្យមានប្រាជ្ញាទៅខាងមុខ។
21. នៅក្នុងចិត្តមនុស្ស តែងមានគំនិតគិតធ្វើជាច្រើនយ៉ាង មានតែដំបូន្មាននៃព្រះយេហូវ៉ាប៉ុណ្ណោះ ដែលនឹងស្ថិតស្ថេរនៅ។
22. សេចក្តីដែលនាំឲ្យគេរកពឹងដល់មនុស្សណា នោះគឺជាសេចក្តីសប្បុរសរបស់អ្នកនោះឯង ហើយមនុស្សទាល់ក្ររមែងវិសេសជាងមនុស្សភូតភរ។
23. សេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ា នោះប្រោសឲ្យមានជីវិត ហើយអ្នកណាដែលមានសេចក្តីនោះនឹងនៅតែមានចិត្តស្កប់ស្កល់ជានិច្ច ឥតមានសេចក្តីអាក្រក់ណាមកលើខ្លួនឡើយ។
24. មនុស្សខ្ជិលច្រអូសគេលូកដៃទៅក្នុងចាន ហើយមិនដកមក សូម្បីតែនឹងបញ្ចុកមាត់ខ្លួនផង។
25. ចូរវាយមនុស្សចំអកមើលងាយ នោះមនុស្សខ្លៅល្ងង់នឹងចេះប្រយ័ត្នឡើង ចូរបន្ទោសដល់អ្នកណាដែលមានយោបល់ អ្នកនោះនឹងស្តាប់បានតាមលំអាន។