9. អ្នកណាដែលធ្វេសប្រហែសនឹងការរបស់ខ្លួន នោះឈ្មោះថាជាបងប្អូននឹងអ្នកដែលបំផ្លាញ។
10. ព្រះនាមព្រះយេហូវ៉ា ជាប៉មមាំមួន មនុស្សសុចរិតរត់ចូលទៅពឹងជ្រក ហើយមានសេចក្តីសុខ។
11. ឯមនុស្សអ្នកមានវិញ ទ្រព្យសម្បត្តិរបស់គេជាទីក្រុងមាំមួន ហើយតាមគំនិតរបស់គេ ក៏យល់ថាជាកំផែងយ៉ាងខ្ពស់ដែរ។
12. មុននឹងត្រូវវិនាស នោះចិត្តរបស់មនុស្សកើតមានសេចក្តីឆ្មើងឆ្មៃ ឯសេចក្តីរាបសា នោះរមែងតែនាំមុខកិត្តិយសវិញ។
13. អ្នកណាដែលឆ្លើយមុនដែលបានស្តាប់រឿង នោះរាប់ជាការចំកួតហើយ ក៏ជាសេចក្តីខ្មាសដល់ខ្លួនផង។
14. វិញ្ញាណនៃមនុស្សនឹងទប់ទល់ខ្លួនក្នុងគ្រាមានធុរៈឈឺ តែឯវិញ្ញាណបាក់បែក តើអ្នកណានឹងទ្រាំបាន។
15. ចិត្តរបស់មនុស្សវាងវៃ តែងតែចំរើនចំណេះឡើង ហើយត្រចៀករបស់មនុស្សដែលមានប្រាជ្ញា ក៏ស្វះស្វែងរកចំណេះដែរ។
16. ជំនូនរបស់មនុស្ស រមែងបើកផ្លូវឲ្យដល់ខ្លួន ក៏នាំចូលទៅដល់ចំពោះអ្នកធំផង។
17. អ្នកណាដែលនិយាយមុនគេក្នុងការក្តី នោះមើលទៅដូចជាត្រឹមត្រូវហើយ តែគូក្តីរបស់អ្នកនោះមកបើកសំដែងឲ្យឃើញកំហុសវិញ។
18. ការចាប់ឆ្នោត តែងនឹងធ្វើឲ្យសេចក្តីទាស់ទែងគ្នាបាត់ទៅ ហើយនឹងញែកមនុស្សដែលមានអំណាចចេញពីគ្នាដែរ។
19. បងប្អូនណាដែលបានអន់ចិត្តហើយ នោះពិបាកពង្រាបជាជាងទីក្រុងយ៉ាងមាំមួន ហើយសេចក្តីទាស់ទែងគ្នាយ៉ាងនោះ ធៀបដូចជារនុកទ្វារបន្ទាយ។
20. មនុស្សនឹងបានឆ្អែតពោះ ដោយផលនៃមាត់ខ្លួន គឺនឹងបានស្កប់ចិត្ត ដោយផលចំរើននៃបបូរមាត់។
21. ទោះទាំងសេចក្តីស្លាប់ ហើយនឹងជីវិតក៏នៅក្នុងអំណាចនៃអណ្តាតដែរ អ្នកណាដែលចូលចិត្តប្រើ នោះនឹងស៊ីផលនៃអណ្តាតនោះឯង។
22. អ្នកណាដែលរកបានប្រពន្ធ នោះឈ្មោះថាបានរបស់ល្អ ហើយបានប្រកបដោយព្រះគុណនៃព្រះយេហូវ៉ាដែរ។
23. មនុស្សក្រគេពោលពាក្យអង្វរ តែមនុស្សអ្នកមានតបដោយពាក្យគំហកវិញ។