4. មនុស្សដែលប្រព្រឹត្តអាក្រក់ គេតែងស្តាប់តាមបបូរមាត់អាក្រក់ ហើយមនុស្សភូតភរក៏ផ្ទៀងត្រចៀក ស្តាប់អណ្តាតកាច។
5. អ្នកណាដែលចំអកឲ្យមនុស្សក្រ នោះក៏មើលងាយដល់ព្រះដែលបង្កើតគេមកដែរ ឯអ្នកណាដែលត្រេកអរក្នុងការអន្តរាយរបស់គេ នោះនឹងមិនរួចពីទោសឡើយ។
6. កូនចៅជាមកុដដល់មនុស្សចាស់ៗ ហើយឪពុកជាទីអំនួតរបស់ពួកកូន។
7. ពាក្យសំដីខ្ពស់ប្រសើរ មិនសំណំនឹងមនុស្សល្ងីល្ងើទៅហើយ ចំណង់បើបបូរមាត់កំភូត តើមិនសំណំនឹងមនុស្សត្រកូលខ្ពស់ជាជាងយ៉ាងណាទៅ។
8. សំណូករាប់ដូចជាត្បូងមានដំឡៃដល់អ្នកណាដែលមាន ទោះបើជូនទៅខាងណាក៏ដោយ គង់តែសំរេចការបាន។
9. អ្នកណាដែលគ្របបាំងសេចក្តីកំហុសរបស់អ្នកដទៃ នោះជាអ្នកស្វែងរកសេចក្តីរាប់អានគ្នា តែអ្នកណាដែលចេះតែនិយាយសាំពីការនោះ នឹងនាំឲ្យមិត្រសំឡាញ់បាក់បែកគ្នាវិញ។
10. ពាក្យបន្ទោសតែ១ម៉ាត់ តែងមុតចូលទៅក្នុងចិត្តរបស់មនុស្សមានយោបល់ ជាជាងការវាយមនុស្សល្ងីល្ងើ១០០រំពាត់ទៅទៀត។
11. មនុស្សខូចអាក្រក់ គេរកតែបះបោរម្យ៉ាងប៉ុណ្ណោះ ដូច្នេះ នឹងត្រូវមានអ្នកបំរើយ៉ាងសាហាវ ចេញមកទាស់នឹងគេ។
12. ស៊ូឲ្យប្រទះនឹងមេខ្លាឃ្មុំដែលបាត់កូន នោះគ្រាន់បើជាងប្រទះនឹងមនុស្សល្ងីល្ងើ ដែលកំពុងតែប្រព្រឹត្តការចំកួតរបស់ខ្លួន។
13. ឯអ្នកណាដែលសងការអាក្រក់ ស្នងនឹងការល្អសេចក្តីអាក្រក់នឹងមិនឃ្លាតចេញពីផ្ទះអ្នកនោះឡើយ។
14. ការចាប់ផ្តើមប្រកាន់គ្នា នោះប្រៀបដូចជាបើកទំនប់ទឹក ដូច្នេះ ចូរលើកការទាស់គ្នាចេញ មុនដែលកើតមានការប្រឈ្លោះគ្នាផង។
15. អ្នកណាដែលរាប់មនុស្សអាក្រក់ជាឥតមានទោស ហើយអ្នកណាដែលកាត់ទោសដល់មនុស្សសុចរិត អ្នកទាំង២នោះជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា។
16. ការដែលមនុស្សល្ងីល្ងើមានប្រាក់នៅដៃសំរាប់នឹងរៀនយកប្រាជ្ញា នោះតើមានប្រយោជន៍អ្វី បើឃើញថា វាគ្មានចិត្តចង់បានទេ។
17. មិត្រសំឡាញ់រមែងស្រឡាញ់គ្នានៅគ្រប់វេលា ឯបងប្អូនក៏កើតមកសំរាប់គ្រាលំបាកដែរ។
18. មនុស្សដែលឥតមានប្រាជ្ញា គេទទួលចាប់ដៃ ព្រមទាំងធានាពីដំណើរអ្នកជិតខាងខ្លួនផង។
19. អ្នកណាដែលចូលចិត្តនឹងការឈ្លោះប្រកែក នោះឈ្មោះថាជាអ្នកស្រឡាញ់អំពើបាបហើយ ចំណែកអ្នកណាដែលលើកខ្លួនឲ្យខ្ពស់ នោះជាអ្នកស្វែងរកតែសេចក្តីហិនវិនាស។
20. អ្នកណាដែលមានចិត្តវៀច មិនដែលបានសេចក្តីល្អទេ ហើយអ្នកណាដែលមានអណ្តាតចចើង នោះរមែងធ្លាក់ទៅក្នុងសេចក្តីអន្តរាយ។
21. អ្នកណាដែលបង្កើតបានកូន ជាមនុស្សល្ងីល្ងើ ក៏កើតមានសេចក្តីទុក្ខព្រួយ ឪពុករបស់មនុស្សល្ងីល្ងើរមែងគ្មានសេចក្តីអំណរឡើយ។
22. ចិត្តដែលសប្បាយជាថ្នាំយ៉ាងវិសេស តែវិញ្ញាណបាក់បែករមែងឲ្យឆ្អឹងរីងស្ងួតទៅ។
23. មនុស្សអាក្រក់ គេតែងតែទទួលសំណូក ដោយលួចលាក់ ដើម្បីនឹងបង្ខូចផ្លូវយុត្តិធម៌។