17. មិត្រសំឡាញ់រមែងស្រឡាញ់គ្នានៅគ្រប់វេលា ឯបងប្អូនក៏កើតមកសំរាប់គ្រាលំបាកដែរ។
18. មនុស្សដែលឥតមានប្រាជ្ញា គេទទួលចាប់ដៃ ព្រមទាំងធានាពីដំណើរអ្នកជិតខាងខ្លួនផង។
19. អ្នកណាដែលចូលចិត្តនឹងការឈ្លោះប្រកែក នោះឈ្មោះថាជាអ្នកស្រឡាញ់អំពើបាបហើយ ចំណែកអ្នកណាដែលលើកខ្លួនឲ្យខ្ពស់ នោះជាអ្នកស្វែងរកតែសេចក្តីហិនវិនាស។
20. អ្នកណាដែលមានចិត្តវៀច មិនដែលបានសេចក្តីល្អទេ ហើយអ្នកណាដែលមានអណ្តាតចចើង នោះរមែងធ្លាក់ទៅក្នុងសេចក្តីអន្តរាយ។
21. អ្នកណាដែលបង្កើតបានកូន ជាមនុស្សល្ងីល្ងើ ក៏កើតមានសេចក្តីទុក្ខព្រួយ ឪពុករបស់មនុស្សល្ងីល្ងើរមែងគ្មានសេចក្តីអំណរឡើយ។
22. ចិត្តដែលសប្បាយជាថ្នាំយ៉ាងវិសេស តែវិញ្ញាណបាក់បែករមែងឲ្យឆ្អឹងរីងស្ងួតទៅ។
23. មនុស្សអាក្រក់ គេតែងតែទទួលសំណូក ដោយលួចលាក់ ដើម្បីនឹងបង្ខូចផ្លូវយុត្តិធម៌។
24. ឯប្រាជ្ញា រមែងនៅចំពោះមុខមនុស្សដែលមានដំរិះ តែភ្នែកមនុស្សល្ងីល្ងើមើលទៅឯចុងផែនដីបំផុតវិញ។
25. កូនល្ងីល្ងើជាហេតុឲ្យឪពុកកើតទុក្ខព្រួយ ហើយជាទីជូរល្វីងដល់ម្តាយដែលបង្កើតវាមក។
26. ការដែលធ្វើទោសដល់មនុស្សសុចរិត ឬវាយអ្នកត្រកូលខ្ពស់ ដោយព្រោះសេចក្តីទៀងត្រង់របស់គេ នោះមិនល្អទេ។
27. អ្នកណាដែលមានដំរិះរមែងសំចៃទុកនូវពាក្យសំដី ហើយអ្នកណាដែលមានយោបល់ នោះក៏តែងតែមានចិត្តត្រជាក់ដែរ។